2023-10-11 08:28
558

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

មុននឹងអញ្ជើញចាប់ផ្ដើមថ្លែងនូវសុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងនូវសារចូលរួមរំលែកទុក្ខដល់គ្រួសារសពនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នៅអ៊ីស្រាអែល និងបានផ្ដាំផ្ញើសួរសុខទុក្ខដល់យុវជនយុវនារី និស្សិតទាំងអស់កំពុងរស់នៅប្រទេសអ៊ីស្រាអែល និងបានមានប្រសាសន៍ជម្រាបអំពីការតាមដានដោយយកចិត្តទុកដាក់អំពីសុវត្ថិភាពនិស្សិតទាំងអស់ពីរាជរដ្ឋាភិបាលកម្ពុជា។ 
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល។សម្តេចធិបតីបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គោលដៅធំគឺដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប៉ុន្ដែក្រៅពីនេះក៏បានជួយដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធននូវសេដ្ឋកិច្ច និងសង្គមជាតិ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។

សម្តេចធិបតីបានមានប្រសាសន៍ជម្រាបជូនពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។ ហើយការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មនៃពលរដ្ឋដែលឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធជាដើមនោះ៕