2023-10-22 12:01
869

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧៧ឈានចូល ៧៨ឆ្នាំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ។
    សម្តេចសូមសម្ដែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កាយ ពលរឹងមាំ និងជន្មាយុយឺនយូរតរៀងទៅ ដើម្បីរួមចំណែកដឹកនាំស្ថាប័នរដ្ឋសភា ជាស្ថាប័នកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗថែមទៀតជូនជាតិមាតុភូមិ និងប្រជាជន។
    ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ សម្តេចសូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលកន្លងមកក៏ដូចបច្ចុប្បន្ន ឯកឧត្តម តែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិដ៏បវររុងរឿង នៃយើង ឱ្យមានការរីកចម្រើនជឿនលឿនខ្លាំងក្លា តាមរយៈការពង្រឹងនីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងការលើកកម្ពស់កិត្យានុភាពរដ្ឋសភាន ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិផងដែរ។
   ជាថ្មីម្ដងទៀត សម្តេចសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថ រក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ និងសហការីទាំងអស់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕