2023-10-24 16:09
649

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍គន្លឹះ ចំនូន៥ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត។ 

គន្លឹះសំខាន់ៗ ចំនូន៥ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីដែលបានដាក់ចេញ មានដូចខាងក្រោម៖ 
ទី១- ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ។ 
ទី២- បន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌។ 
ទី៣- ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និងជំនាញទន់។ 
ទី៤. រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ ឬរឹតបន្តឹងការផលិត, ការកែច្នៃ, ឬការនាំចូលម្ហូបអាហារ និងគ្រឿងបរិភោគ ដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជន។ 
ទី៥. ពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការដាក់ចេញ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»។ 

សូមជម្រាបថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវអនុសាសន៍គន្លឹះ ចំនួន៥ សំខាន់ៗខាងលើនេះ គឺនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ នាឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារជនងាយរងហានិភ័យ”៕