2023-11-02 15:30
460

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «បុព្វហេតុរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើតែមួយគត់ គឺដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋមិនចោលទេ ធ្វើយ៉ាងណាឱ្យមានជីវភាពកាន់តែធូធាល្អប្រសើរ ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនារបស់ប្រទេស គ្មានអ្វីធ្វើឱ្យប្រជាពលរដ្ឋកាន់តែរីងមាំ កាន់តែធូធានោះទេ នេះជាគោលការណ៍ដើម្បីឱ្យប្រទេសជាតិយើងកាន់តែរីកចំរើន ហើយរាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាកចេញនូវគោលនយោបាយធ្វើជាបន្តបន្ទាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និយោជិត  ចំនួន   ១៨ ១៩០ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមក្នុងការកសាងប្រទេសរបស់យើង [ថែករក្សាសុខសន្តិភាព ស្ថិរភាព ខិតខំចូលរួមនៅក្នុងការបង្កើតសមត្ថភាពរបស់ខ្លួន] ក្នុងការជំរុញឱ្យកន្លែងការងារ រោងចក្រ សហគ្រាសគ្រប់វិស័យទាំងអស់ ស្ថាប័នរដ្ឋ ឯកជន អង្គការ ស្ថាប័ន ជីវកម្មផ្ទាល់ខ្លួន ប្រជាកសិករ ត្រូវខិតខំធ្វើយ៉ាងណាត្រូវឆក់យកឱកាសដែលយើងកំពុងមានសន្តិភាពនេះ ដើម្បីភាពរីកចំរើនបន្តទៀត»។សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «យើងមានឱកាសហើយ បងប្អូនអត់ចាប់យកឱកាសរដ្ឋមិនអាចទទួលបន្ទុកជួយបានទាំងអស់ទេ។ រដ្ឋមានតែផ្តល់គោលគំនិតគោលការណ៍មានន័យថា រដ្ឋមានត្រី ប៉ុន្តែឱ្យត្រីទេ គឺផ្តល់សន្ទួចឱ្យបងប្អូន ដើម្បីចាប់យកត្រី»៕