2023-11-07 13:27
538

ព្រះសីហនុ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ខេត្តព្រះសីហនុ ដែលខេត្តមានសក្តានុពលដ៏សំខាន់ ជាឆ្នាំងបាយមិនត្រឹមតែចិញ្ចឹមអ្នកខេត្តព្រះសីហនុនោះទេ ប៉ុន្ដែជាថាមពលមួយ សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែលឿន ព្រោះការអភិវឌ្ឍន៍មិនមែនទាល់តែដាក់គោលនយោបាយនៅទីនេះទេ ត្រូវគិតពីក្រមខណ្ឌម៉ាក្រូ ទាល់តែឱ្យប្រទេសរបស់យើងទាក់ទាញយ៉ាងម៉េចឱ្យគេមកឱ្យតែនៅដីខ្មែរ និងម្យ៉ាងទៀតខេត្តនិមួយៗ ត្រូវមានសក្តានុពលយ៉ាងម៉េច ដើម្បីទាញយកវិនិយោគមកបាន។

ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត ជាង ១៥ ១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតីបានថ្លែងថា «ខេត្តព្រះសីហនុ អាចជាឆ្នាំងបាយ មិនត្រឹមតែចិញ្ចឹមអ្នកខេត្តព្រះសីហនុទេ ប៉ុន្ដែជាថាមពល ជាថ្មមួយ ដែលជំរុញឱ្យសេដ្ឋកិច្ចកាន់តែលឿន»។

«ប៉ុន្តែអ្វីដែលសំខាន់ គឺការផ្តល់អត្ថប្រយោជន៍ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ត្រូវគិតគូរទាំងអស់ឥឡូវកម្មករ-កម្មការិនី គិតទាំងពីសុខភាពស្អីផ្សេងៗទៀត គិតដល់កូនអត់ទាន់កើតរហូតអាយុ ២ឆ្នាំ។ កូនជំនាន់នេះសំណាងណាស់ឪពុកម្តាយមានសុខភាពល្អ បើកើតជំនាន់មុនវាលំបាក់សូម្បីសម្តេចផ្ទាល់កើតជំនាន់ ប៉ុល ពត ប៊ិសនឹងស្លាប់ហើយ ព្រោះគ្មានគ្រូពេទ្យ និងថ្នាំសង្កូវគ្រប់គ្រាន់ឡើយ» នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពល មានភូមិសាស្ត្រល្អ ដូចជាសមុទ្រទឹកជ្រៅ មានកោះ មានឆ្នេរស្អាតខ្សាច់នៅកំពង់សោមស្ថិតក្នុងលំដាប់កំពូល ព្រោះប្រទេសខ្លះខ្សាច់សរយកមកចាក់សុទ្ធតែភក់ ប៉ុន្តែខ្សាច់របស់យើងធម្មជាតិ»។ សម្តេចធិបតីបន្ថែមថា «ភូមិសាស្ត្រធម្មជាតិអំណោយផលណាស់ ហាក់ដូចមានគ្រាប់ពេជ្រអញ្ចឹង ប៉ុន្តែបើមានតែធម្មជាតិប្រៀបដូចជាពេជ្រមិនទាន់កែច្នៃ ដើម្បីឱ្យដុំពេជ្រមានតម្លៃវាត្រូវកក្តាអំណោយផល កក្តាវិជ្ជមាន ដើម្បីឱ្យវាកាន់តែមនាតម្លៃយើងត្រូវការនូវកក្តា និងលក្ខខ័ណ្ឌមួយចំនួន ជាពិសេសកក្តាសុខសន្តិភាព ស្ថេរភាពនេះសំខានណាស់មិនអាចអត់បានទេ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ប្ដេជ្ញាថា នឹងប្រែក្លាយខេត្តព្រះសីហនុ ពីដុំពេជ្រមិនទាន់កែច្នៃ ទៅជាពេជ្រច្នៃហើយចែកផលឱ្យប្រជាពលរដ្ឋគ្រប់គ្នា អាចប្រើប្រាស់បានច្រើនមុនគេ ដើម្បីផ្ដល់ជូនប្រជាជនកាន់តែច្រើនឡើង៕