2023-11-07 14:55
738

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានបង្ហោះសារ អបអរសាទរ ខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (៧ វិច្ឆិកា ២០០៣-៧ វិច្ឆិកា ២០២៣) នេះ។

 គួររំលឹកថា របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។ ចំពោះរបាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ 

 របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្ត នៃសាច់រឿងរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគុំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះ។

 របាំព្រះរាជទ្រព្យខ្មែរ មានច្រើនប្រភេទ ហើយក្នុងចំណោមនោះ មានរបាំមួយដែលមានឈ្មោះល្បីល្បាញនិងបានលើកតម្កើងកិត្តិយសវប្បធម៌ប្រទេសជាតិ ធ្វើឲ្យពិភពលោកស្គាល់ខ្មែរជាងគេនោះ គឺរបាំអប្សរា។ សព្វថ្ងៃគេនិយមសម្តែងរបាំនេះ នៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនា មហោស្រពសិល្បៈធំៗ និង ពិធីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តជាតិ។ របាំនេះបានទទួលការកោតសរសើរ

 ស្ញប់ស្ញែង ល្បីរន្ទឺពាសពេញពិភពលោក។របាំនេះ គឺជាស្នាព្រះហស្ថ នៃព្រះមហាក្សត្រយានី «ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនា» នៅឆ្នាំ ១៩៦១ ព្រះអង្គ គឺជាមាតានៃសម្តេចព្រះនរោត្តម សីហនុ។ កាលនោះ ព្រះមហាក្សត្រយានី ស្តេចយាងទៅធ្វើព្រះរាជទស្សនកិច្ចនៅសាលាបឋមសិក្សា សុធារស។ នាយិកាសាលា ដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរាឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។ រឿងនេះ ញ៉ាំងឲ្យព្រះមហាក្សត្រយានីផ្តួចផ្តើមគំនិត បង្កើតរបាំនេះឡើង បានប្រសិទ្ធិនាមថា “របាំអប្សរា ” សម្តេចព្រះរាម នរោត្តមបុប្ផាទេវី គឺជាតួឯកអប្សរាទីមួយ។ 

 ចំពោះពាក្យ “អប្សរា” គឺជាពាក្យផ្សំខ្មែរ និងសំស្រ្កឹត មានន័យថា “របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា” បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរា និងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរា នៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។

 សូមបញ្ជាក់ថា របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ៕