2023-11-08 08:12
555

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការបង្ហោះលើប្រព័ន្ធ Telegram ថា «តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក ប្រសិនបើគ្មានបទឈប់បាញ់ទេនោះ»។ 

អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក»។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងាចក្តីថ្លែងការណ៍ទៀតថា «កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្រ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា [នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង]»។ 


អតីតនាយករដ្ឋមន្ត្រី សរសេរបន្ថែមថា «ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់»។

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង»។

ពាក់ព័ន្ធនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាមាស់ ប៉ាឡេស្ទីននេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូលា៕