2023-11-09 08:29
526

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសរសេរលើប្រព័ន្ធ Telegram ដោយឆ្លើយតបចំពោះលិខិតចំហរបស់ លោក David Whitehouse ពាក់ព័ន្ធនឹងនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចធិបតី ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរថា ជូនលោក David Whitehouse៖

១- ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរកនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះក៏ដោយ។ 

២- ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាកក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យពាក់ព័ន្ធនឹងការគ្រប់គ្រង ឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត  ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះ ជាការសម្ងាត់នោះឡើយ។ 

៣- ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ ។ 

៤- ផ្ទុយទៅវិញ ខ្ញុំក៏ដូចអ្នកសិក្សាស្រាវជ្រាវដទៃទៀតដែរ តែងពេញចិត្តនូវការផ្តល់វាយតម្លៃ ផ្តល់មតិ ចំពោះសមិទ្ធផលការងាររបស់យើង ជាពិសេស ពីសំណាក់អ្នកដែលមានសមត្ថភាពជំនាញ រួមទាំងអ្នកសិក្សាអ្នកស្រាវជ្រាវដទៃទៀតផងដែរ។ តាមពិតទៅ, ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍ និងបានស្នើសុំមកខ្ញុំ ដែលក្នុងនោះ រួមមានទាំងអ្នកសិក្សាស្រាវជ្រាវផងដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក»។ 

៥- ដូច្នេះ ខ្ញុំសូមឆ្លៀតឱកាសនេះ ចែករំលែកនូវសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាសាធារណៈ នាពេលនេះ ដើម្បីឱ្យលោក និងអ្នកដែលមានចំណាប់អារម្មណ៍ដទៃទៀត អានស្នាដៃសិក្សាទាំងនេះ ដែលខ្ញុំបានសរសេរ និងបញ្ចប់កាលពីជាង ២២ឆ្នាំ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង ១៥ ឆ្នាំមុន (ថ្នាក់បណ្ឌិត) មកម៉្លេះ ។ 

ជាចុងបញ្ចប់សម្តេចនាយករដ្ឋមន្ត្រី សូមជូនពរលោក David Whitehouse និងរីករាយអាននិក្ខេបបទរបស់សម្តេចទាំងស្រុងផងែរ៕