2023-11-09 12:59
558

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមីទ្ទីញ រំលឹកខួបទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំ ណើតកង  យោធពលខេមរភូមិន្ទថ្ងៃ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ព្រះអង្គបានអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន «សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ»។ 

 ការអំពាវរបស់ព្រះករុណាព្រះមហាក្សត្រ បានធ្វើឡើងនាឱកាសប្រារព្វមីទ្ទីញខួបលើក ៧០ ទិវាឯករាជជាតិ និងទិវាកំ ណើតកង  យោធពលខេមរភូមិន្ទ ៩វិច្ឆិកា នាព្រឹកថ្ងៃព្រហស្សត្តិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានឯករាជ្យ។ 

 ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ ព្រះអង្គមានព្រះបន្ទូលថា «រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ»។ 

 ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមទៀតថា «យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង»។ នៅក្នុងឱកាសនេះ ព្រះករុណាព្រះមហាក្សត្រ បានធ្វើការសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន យ៉ាងដូច្នេះ ថា «សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ»។ 

 តាមរយៈមីទ្ទិញនេះ យើងអាចសន្និដ្ឋានបានថា « មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានាបានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើងពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ»។ 

 សូមជម្រាបថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារ ឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិ៕