2023-11-10 15:47
556

ភ្នំពេញ ៖   ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ស្តេចនឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។

ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ក្នុងព្រះរាជសារថា៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងយាងចូល រួមក្នុងសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពី រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។

យោងតាមព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា «នៅក្នុងឱកាសអវត្តមានព្រះអង្គគង់ នៅព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលថ្វាយជំនួសព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»៕