2023-11-20 12:26
488

ភ្នំពេញ៖ «ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ កន្លងទៅយើងប្រាកដជាដឹងច្បាស់ហើយថា មនុស្សអាចផ្អាកដើរទេសចរណ៍ ផ្អាកការទិញរថយន្តថ្មី អាចផ្អាកទិញទូរសព្ទថ្មី ប៉ុន្តែមនុស្សមិនអាចផ្អាកបរិភោគនោះទេ កម្ពុជាយើងដូចគ្នា»

នេះជាប្រសាសន៍របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ​ “កម្មវិធីគោលនយោបាយអាទិភាព ទី៥ និង ទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”​ នៅថ្ងៃទូ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «អញ្ចឹងកម្មវិធីគោលនយោបាយអាទិភាព ទី៥ និង ទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺសំដៅពង្រឹងបន្ថែម ជំរុញបន្ថែមទាយយកសក្តានុពលលើវិស័យកសិកម្ម យើងមិនអាចដើរចេញ ឬដើរចោលកសិកម្មទេ ប៉ុន្តែដាក់គោលនយោបាយដើម្បីពង្រឹង ជំរុញបន្ថែម និងទាញយកសក្តានុពលផ្នែកកសិកម្មធ្វើយ៉ាងណាឲ្យទទួលបានទិន្នផលកាន់តែខ្ពស់»

សម្តេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា កិច្ចការ៣ សំខាន់ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកក្នុងកម្មវិធីគោលនយោបាល គឺ «ទី១- ការលើកស្ទួយផលិតកម្មផលកសិកម្ម រកទីផ្សាររក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីផ្តល់ហិរញ្ញបទាន, ទី២- ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ សង្កាត់, ទី៣- ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប» ទាំង៣នេះ បង្កើតយ៉ាងណាដើម្បីពង្រឹងប្រសិទ្ធភាព និងធានានូវភាពប្រកួតប្រជែងវិស័យកសិកម្មរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិតណាស់ប្រទេសកម្ពុជាយើងមានលក្ខណអំណោយផលធនធានធម្មជាតិ មានមនុស្ស មានដីមានជីវជាតិ ហើយទីផ្សារខាងក្រៅរដ្ឋាភិបាលខិតខំចរចាកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីផ្សេងៗ ប៉ុន្តែកុំភ្លេចថាលើពិភពលោកមានប្រទេសជាច្រើនណាស់ដែលប្រកួតប្រជែងគ្នា៕