2023-12-03 13:57
490

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ប្រព័ន្ធផ្សព្វផ្សាយជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរនៃការស្តារ និងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ឈាម និងទឹកភ្នែក»។ 
   ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារយ៉ាងដូច្នេះ នៅរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃកំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK បច្ចុប្បន្ន AKP និងវិទ្យុសំឡេងប្រជាជនកម្ពុជា បច្ចុប្បន្ន វិទ្យុជាតិកម្ពុជា (០៣ ធ្នូ ១៩៧៨-០៣ ធ្នូ ២០២៣)។
   ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរថា៖ សូមអបអរខួបអនុស្សាវរីយ៍បលើកទី៤៥ កំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK (បច្ចុប្បន្ន AKP) និងវិទ្យុសំឡេងប្រជាជនកម្ពុជា (បច្ចុប្បន្ន វិទ្យុជាតិកម្ពុជា) ០៣ ធ្នូ ១៩៧៨ - ០៣ ធ្នូ ២០២៣។ 
   ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា  សូមគោរពដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត បញ្ញាក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឡើងវិញក្រោយពីបំផ្លិចបំផ្លាញស្ទើរគ្មានសល់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហម ប៉ុល ពត។ 
   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបញ្ជាក់ថា «ប្រព័ន្ធផ្សព្វផ្សាយជាតិនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរនៃការស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក»៕

រូបថតឯកសារ AKP