2023-12-04 11:39
486

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១” ដែលរៀបចំឡើង នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពដែលបានចូលរួមប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ដែលរៀបចំយ៉ាងឱឡារិកនាពេលនេះ។
   សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿជឿជាក់យ៉ាងមុតមាំថា ប្រធានបទ នៃទិវាជនមានពិការភាពឆ្នាំ២០២៣នេះ នឹងក្លាយជាឱកាសជំរុញការលើកទឹកចិត្ត លើកកម្ពស់សិទ្ធិជនមានពិការភាព នៅទូទាំងព្រះរាជណាចក្រកម្ពុជា។ 
   នាឱកាសនោះ សម្តេចធិបតីបានថ្វាយនូវកាក្តញ្ញូតាធម៌ថ្វាយព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហនុមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វព្រះរាជហរទ័យប្រោសប្រទាននូវព្រះរាជសារជូនបងប្អូន និងក្មួយមានពិការភាព និងជនរួមជាតិទាំងអស់ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំ២០២៣នេះ។
   សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាព ប្រមាណ  ១,៣ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និង សតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ ក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្ដូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាព និងគ្រប់វិស័យក្នុងសង្គម រួមមាន «សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម, វប្បធម៌, សិល្បៈ និងកីឡា»។
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយឡែកសម្រាប់នៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើងដើម្បីរំលឹកអំពីមហាវិនាសកម្មដោយសារសង្គ្រាម ជាពិសេសកើតឡើងដោយរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះ រួមមាន «ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា ព្រមទាំងបានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានតោន» នេះជា សោកនាដកម្ម មួយដែលបានកើឡើងលើប្រជាជនកម្ពុជា និងរងគ្រោះពីការទម្លាក់គ្រាប់បែករាប់លានតោនធ្វើឲ្យរបួស ពិការ ស្លាប់ រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវហើយបន្ទុកទាំងអស់ត្រូវបានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជារហូតដល់សព្វថ្ងៃនេះ។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២៣នេះកម្ពុជាបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅកម្ពុជាដែលបានផ្តល់ឱកាសជាប្រវត្តិសាស្ត្រសម្រាប់អត្តពលិកមានពិការភាពមកពីបណ្តាប្រទេសនានាក្នុងតំបន់ពិសេសអត្តពលិកមានពិការភាពកម្ពុជា បានចូលរួមប្រកួតស្មើមុខស្មើមាត់ និងមានបង្ហាញពីសមត្ថភាពដ៏មានសក្តានុពលរបស់ជនមានពិការភាព ដោយទទួលបានមេដាយ ចំនួន ៧៣សម្រាប់កីឡាប៉ារ៉ាហ្គេម»។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា៖ កម្ពុជាមានឱកាសរៀបចំសន្និសិទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិច លើកទី៥ ស្តីពី ការអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្នកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជក់ថា «ក្នុងនាមរាជរដ្ឋាភិបាលមានសុទិដ្ឋិនិយមចំពោះទស្សនៈវិស័យរួមគ្នា ក្នុងការលើកកម្ពស់ពិការភាព ការផ្តល់អំណាច និងការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លៃដ៏វិសេសវិសាលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិទាំងមូល និងក្នុងបរិយាកាសស្តារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំក្រោយវិបត្តិជំងឺកូវីដ-១៩ បានបញ្ចប់»។
   សម្តេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា  បងប្អូនជនមានពិការភាពជាតួអង្គមួយដ៌សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ក្នុងន័យនេះ ការលើកកម្ពស់សហគ្រិនភាពរឿងសំខាន់ ដើម្បីបង្កើតឱកាសឲ្យជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍសង្គមឲ្យកាន់តែមានភាពល្អប្រសើរឡើង៕