2023-12-05 12:46
537

ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើសេចក្តីព្រាងក្រមខណ្ឌគោលនយោបាយជាតិគាំពារសង្គមក្នងចក្ខុវិស័យសម្រាប់ឆ្នាំ២០២៣០ ដោយគិតក្នុងរយៈពេលវែង ធ្វើយ៉ាងនេះដើម្បីធានារនូវការប្រមូលផ្តុំការដោះស្រាយបញ្ហា»។

សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «ពិតណាស់់កម្មវិធីកន្លងទៅមួយចំនួនដូចជាការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩ មិនអាចបន្តរហូតនោះទេ ព្រោះកូវីដបានបញ្ចប់ហើយ ប៉ុន្តែតម្រូវការប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះដោយសារកូវីដ-១៩ នៅបន្តការស្តាសេដ្ឋកិច្ចឡើងវិញ នៅមិនទាន់រឹងមាំ ក៏ដូចជាតម្រូវការប្រជាពលរដ្ឋផ្សេងៗ ដែលប៉ះពាល់ការបម្រែបម្រួលដទៃទៀត និងបន្តិចទៀតជាជំហាននឹងត្រូវដកកញ្ចប់ នៃកម្មវិធីកូវីដ-១៩ ប៉ុន្តែក៏ត្រូវរៀបចំយន្តការត្រៀមជួយប្រជាពលរដ្ឋតទៅទៀត អ្នកដែលនៅត្រូវការការជួយនេះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងមិនទាន់អាចកាត់បន្ថយភាពក្រីកទៅ ០% នោះទេ ហើយក៏មិនអាចធានារបានពិភពលោកនឹងមិនមានអ្វីប្រែប្រួលធ្វើឱ្យប៉ះពាល់ជីវភាពសង្គមនោះទេ អត់មានទេ គ្មានពីណាធ្វើបានទេ។ ប្រសិនបើពិភពលោកធានារបានមិនមានគ្រោះធម្មជាតិ គ្រោះសង្គ្រាម មិនមានបញ្ហាផ្សេងៗដែលពាក់ព័ន្ធដល់ជីវភាពសង្គមនោះទេ យើងអាចធ្វើផែនការ ប៉ុន្តែយ៉ាងណាក៏ដោយអភិក្រមដែលរដ្ឋាភិបាលបានគិតថានឹងល្អប្រសើរ តែត្រូវត្រៀមលក្ខណនៅពេលជួបស្ថានភាពវាអាក្រក់ ជាពិសេសការជួយដល់ប្រជាពលរដ្ឋ ត្រូវរៀបចំផែនការឱ្យមានប្រសិទ្ធភាព»៕