2023-12-09 16:03
502

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងការបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

អង្គមហាសន្និបាតវិសាមញ្ញប្រចាំឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា មានរយៈពេល ០២ថ្ងៃ គឺ នៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសមាជិកចូលរួម សរុបចំនួន ៣ ៦០០នាក់ មកគ្រប់បណ្តាខេត្ត-រាជធានី។ 

ក្នុងសុន្ទរកថាបើកមហាសន្និបាតរបស់គណបក្សប្រជាជន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាពុំដែលធ្វេសប្រហែស ឬបាត់បង់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ រាល់ការវិភាគពិចារណារបស់គណបក្សតែងតែប្រកាន់ខ្ជាប់នូវទស្សនៈសត្យានុម័ត ដែលគ្របដណ្តប់លើទស្សនៈគ្រប់ជ្រុងជ្រោយ ទស្សនៈប្រវត្តិសាស្ត្រជាក់ស្តែង និងទស្សនៈអភិវឌ្ឍជានិច្ច។ យ៉ាងណាមិញការត្រៀមលក្ខណៈសម្រាប់ការបន្តវេន គឺជារឿងចាំបាច់ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នានៅពេលណានោះ ក៏ត្រូវពិនិត្យពិច័យយ៉ាងល្អិតល្អនផងដែរ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។

ការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត ព្រោះអង្គទាំងបីនេះ គឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ 

បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧បានចាប់ បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត ៤ខែហើយ ហើយពិតណាស់ថាដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញ ដំណើរភ្លាមដែរនោះគឺ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ 

ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គមហាសន្និបាតទាំងមូលសូមសម្ដែងនូវគារវភក្តី និងកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គប្រទេសកម្ពុជាមានសេចក្តីសុខ សន្តិភាព និងរីកចម្រើនឥតឈប់ឈរ។ 
ចំពោះមិត្តភក្តិបរទេសជិតឆ្ងាយ ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានរួម ចំណែកយ៉ាងធំធេងដល់បុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនជន ដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនគឺ : គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក គោលការណ៍រក្សាភ្ជាប់ជិតស្និទ្ធរវាងគណបក្ស និងប្រជាជន និងគោលការណ៍គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ 

អង្គមហាសន្និបាតបានលើកឡើងថា ដើម្បីពង្រឹងគណបក្សនៅក្នុងបរិបទថ្មី នៃការដឹកនាំអង្គមហាសន្និបាតលើកនេះនឹងត្រូវធ្វើកិច្ចការមួយចំនួនដូចខាងក្រោម ៖ ១- ពិនិត្យឆ្លងសេចក្តីព្រាង របាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤, ២- បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន និង ៣- ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្ដាលនឹងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំង បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការ កណ្ដាលថ្មីផងដែរ៕