ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា «អនុប្រធានគណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ សមាជិកគណៈអចិន្ត្រៃយ៍ថ្មី ចំនួន ២៣រូបបន្ថែមទៀត ដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលបោះឆ្នោតជ្រើសរើសជាសមាជិកអចិន្ត្រៃយ៍។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំនៅកម្ពុជា បានចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅវិមាន៧មករា រាជធានីភ្នំពេញ។
មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
របៀបវារៈនៃមហាសន្និបាតវិសាមញ្ញនេះ ត្រូវបានគេបង្ហើបថា «អាចមានការបញ្ចូលសមាជិកថ្មីបន្ថែមទៀត នៅក្នុងគណៈកម្មាធិការកណ្តាល ការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ»៕