2023-12-15 15:12
434

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ លោក ជុង អ៊ីយ៉ុង (CHUNG Eui-Yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានមករា ក្នុងឱកាសដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពី «ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី១២» របស់គណបក្សប្រជាជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមគាំទ្រ និងពូនជ្រំកិច្ចសហប្រតិបត្តិការ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ចាប់ពីថ្ងៃបង្កើត ICAPP នៅឆ្នាំ២០០០ អង្គការនេះបានក្លាយជាវេទិកានយោបាយកាន់តែមានឥទ្ធិពល និងមានសារៈសំខាន់ចាំបាច់ ក្នុងសភាពការណ៍ពិភពលោក នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់។

លោក ជុង អ៊ីយ៉ុង បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និង ការគោរពគ្នា ជាពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO»។

លោកបានបន្តថា «មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ នៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំ និងជោគជ័យមួយបន្ថែមទៀត នៃការជួបជុំមហាគ្រួសារគណបក្សនយោបាយនៅអាស៊ី តំណាងឱ្យ ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ»។

សូមបញ្ជាក់ ផងដែរថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន ០២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោ បានសម្រេចប្រគល់ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP។

គណបក្សប្រជាជនកម្ពុជានឹងជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបរិវត្តកម្មឌីជីថល នៅក្នុងការតភ្ជាប់សង្គម និងសេដ្ឋកិច្ច ហើយបន្តចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីទ្វីបអាស៊ីប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។

គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលមានភាពចាស់ទុំ និង ការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានឹងសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយកម្ពុជានឹងដើរតួនាទីកាន់តែសំខាន់សម្រាប់តំបន់ និងពិភពលោកទាំងក្នុងវេទិកាអន្តរគណបក្ស រដ្ឋាភិបាល និងសភា។ 

នៅក្នុងឱកាសនេះផងដែរ គណៈប្រតិភូ ICAPP ក៏បានធ្វើទស្សនកិច្ច នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីតាំង នៃមហាសន្និបាត ICAPP លើកទី១២៕