2023-12-17 17:54
470

តូក្យូ៖ មេដឹកនាំកំពូលក្នុងប្រទេសអាស៊ាន ចំនួន ០៣ រួមមាន កម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)”។

ការបន្តពង្រឹង កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលនាយករដ្ឋមន្ត្រីទាំង ៣ប្រទេស អញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគីនាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបឲន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបីគោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើង។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំងបី បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋាន ដ៏សំខាន់ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម៕