2024-01-09 09:37
423

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ «ផ្លូវមានច្រើនសម្រាប់់ក្មួយៗដើរ ដើរទៅមុខ ដើរដល់ពេលនេះ មានឪពុក-ម្តាយចិញ្ចឹមយើងបង្កលក្ខណៈបានល្អប្រសើរ លោកគ្រូ អ្នកគ្រូខិតខំបង្រៀន រាជរដ្ឋាភិបាល បង្កើតសាលា បង្កើតឱកាស អញ្ចឹងការដើរទៅមុខទៀត វាអាស្រ័យលើយើងម្នាក់ៗ មិនថាអ្នកជាប់់និទ្ទេស A, B, C…ឬអ្នកធ្លាក់បាក់ឌុបទេ ព្រោះផ្លូវត្រូវបន្តទៅមុខទៀតមានច្រើនណាស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថាៈ ផ្លូវក្រោយបញ្ចប់បាក់ឌុបនេះ ជាផ្លូវបំបែកទាំងការសិក្សារៀនសូត្រ ផ្លូវជីវិតរស់នៅ ភាគច្រើនអ្នកជាប់បាក់ឌុបរៀន ១២ឆ្នាំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ យើងគ្មានជម្រើសទេ កម្មវិធីក្រសួងអប់រំ យុវជន និងកីឡា រៀបចំឱ្យទៅសាលាបង្រៀនតាមកាលវិភាគ និងស្តង់ដារបស់ក្រសួងអប់រំ ប៉ុន្តែក្រោយចប់បាក់ឌុបក្មួយៗត្រូវសម្រេចចិត្តត្រូវដើរផ្លូវណាបន្តទៀត។ សម្តេចធិបតី បានបន្ថែមទៀតថាៈ អញ្ចឹងការខិតខំប្រឹងប្រែងរបស់យើងសន្សំចំណេះដឹងបានប៉ុណ្ណោះ ត្រូវខិតខំបន្តទៅមុខទៀត។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ នាព្រឹក ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះ សិស្ស ១ ៦៧៣ នាក់ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និង សិស្ស ចំនួន ១៨ នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣»  ដែលរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ៕