2024-01-12 12:19
385

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មនឹងវីដេអូហូបស្បែកជើង ហូបកង់ឡាន ក៏ដូចជារូបភាពអវិជ្ជមានផ្សេងៗទៀតដែលនាំឱ្យប៉ះពាល់តម្លៃសង្គម វប្បធម៌ជាតិ ដូច្នេះសម្ដេចធិបតីក៏បានអំពាវនាវដល់យុវជន យុវតីខ្មែរទាំងឡាយថា ប្រសិនចង់ធ្វើអ្វីមួយ សូមកុំឱ្យហួសព្រំដែនច្បាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។

ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី ។
នាឱកាសនោះ សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាការពារស្ត្រីនិងកុមារ និងបង្កើនការទប់ស្កាត់ចំណុចអវិជ្ជមានដែលប៉ះពាល់ដល់ស្ត្រីរងគ្រោះ កុមាររងគ្រោះដោយសារអំពើហិង្សា ការជួញដូរជាដើម។

មិនតែប៉ុណ្ណោះ ត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី ពិសេសត្រូវអប់រំណែនាំដល់យុវជន យុវតី នៅពេលពួកគាត់ធ្វើអ្វីប៉ះពាល់ដល់តម្លៃសង្គម ឬមួយធ្វើឱ្យអាប់ឱនកិត្តិយសជាតិ។ ត្រង់ចំណុចនេះ មន្ត្រីមានសមត្ថកិច្ចមិនមែនទៅធ្វើទុក្ខទោសចំពោះពួកគាត់នោះឡើយ តែត្រូវអប់រំតម្រង់ទិសជូនពួកគាត់វិញ ដើម្បីកុំឱ្យប្រាសចាកនឹងសីលធម៌សង្គម។

ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋថា ប្រសិនបើធ្វើអ្វីមួយ ត្រូវមានព្រំដែននៃការទទួលខុសត្រូវ ហើយសូមរួមគ្នាគោរពច្បាប់ដើម្បីសណ្ដាប់ធ្នាប់សង្គម គោរពប្រពៃណី វប្បធម៌ជាតិ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រី ធ្វើអ្វីក៏ដោយត្រូវមានព្រំដែននៃការទទួលខុសត្រូវ, សិទ្ធិសេរីភាពគឺមាន ប៉ុន្តែត្រូវមានព្រំដែន, សូមរួមគ្នាថែរក្សា គោរពច្បាប់ ដើម្បីសណ្ដាប់ធ្នាប់សង្គម គោរពប្រពៃណី វប្បធម៌របស់យើង»។

សម្ដេចធិបតីបានបន្តថា ជនជាតិខ្មែរមានវប្បធម៌រាប់ពាន់ឆ្នាំមកហើយ ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងឡាយសូមបន្តថែរក្សានិងប្រតិបត្តិនូវប្រពៃណី វប្បធម៌ ភាសារបស់ជាតិឱ្យបានខ្ជាប់ខ្ជូន ពិសេសគឺសូមរួមគ្នាថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្សបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។

គួរជម្រាបថា លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានជម្រាបដែរថា កន្លងទៅថ្មីៗនេះ ក្រសួងកិច្ចការនារី តាមរយៈគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានចាត់វិធានការទៅលើក្រុមមួយចំនួនដែលប្រព្រឹត្តអំពើអសីលធម៌ ហើយបង្ហោះវីដេអូនៅលើបណ្ដាញសង្គម ព្រមទាំងស្ត្រីដែលចេញវីដេអូហូបស្បែកជើង ហូបកង់ឡានផងដែរ ព្រោះវីដេអូផ្សព្វផ្សាយនោះនាំឱ្យប៉ះពាល់ដល់តម្លៃសង្គម៕