2024-01-13 12:22
387

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ទះកំផ្លៀងលោក អេង ឆៃអ៊ាង អតីតមេដឹកក្រុមប្រឆាំងជ្រុលបែកអំពិលអំពែកពេញមេឃ បន្ទាប់ពីបុគ្គលរូបនេះ បង្កោះនូវសារនយោបាយភ្លេចខ្លួនជាន់ក្លែងខ្លួនឯង រត់ចោលស្រុកកាលពីឆ្នាំ២០១៧ ខណៈខ្លួនអត់មានរឿងត្រូវជាខ្នោះសោះ។ 

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ បានសរសេរឆ្លើយតមនឹងការញុះញង់របស់អតីតក្រុមមេដឹកនាំបក្សប្រឆាំង គឺលោក អេង ឆៃអ៊ាង ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃ យ៉ាងដូច្នេះថា «តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួន និងជាន់កែងខ្លួនឯង។ ម្នាក់នេះ ខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថា កុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ»។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ចុះបើក្លាហានបែបហ្នឹង ម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះ និងមកក្លាហានអីនៅពេលនេះ?»។ 

ការទះកំផ្លៀង លោក អេង ឆៃអ៊ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដោយសារកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អតីតក្រុមមេដឹកនាំជ្រុលនិយមរត់ចោលស្រុករូបនេះ បានសរសេរនយោបាយបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនក្នុងរបៀបញុះញង់ បំបែកបំបាក់ ថាៈ សូមជូនយោបល់ទៅមេដឹកនាំនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជា «ប្រសិនបើ ភ័យខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ គួរលាឈប់ពីនយោបាយបក្សប្រឆាំង ព្រោះ ប្រជាពលរដ្ឋ នឹងមិនបោះឆ្នោតឲ្យគណបក្សដែលមានមេដឹកនាំភ័យខ្លាចនោះទេ»។ 

ការសរសេររបស់លោក អេង ឆៃអ៊ាង បែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួក្រសួងមហាផ្ទៃ ព្រមានចំពោះគណបក្សនយោបាយ ចំនួន ៣ ដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពី គណបក្សនយោបាយ។ 

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយ ចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ដើម្បី បម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ។ 

ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃ សូមព្រមានទុកជាមុន ចំពោះគណបក្សនយោបាយ ដែលបាន ចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពី គណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី (ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះ បានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបាន ហាមឃាត់ ។ 

ក្នុងន័យដូចគ្នានេះដែរ យោងតាមមាត្រា ៤៤ថ្មី (ពីរ) នៃច្បាប់នេះ បញ្ញត្តិថា «គណបក្សនយោបាយដែលប្រព្រឹត្តល្មើសអាចប្រឈម នឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តី ពីគណបក្សនយោបាយបានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការ ចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្ស នយោបាយនោះចោល» ។ 

ក្រសួងមហាផ្ទៃ បានអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប- តេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕