2024-01-22 15:37
387

ភ្នំពេញ៖ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ បានគោរពជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងទឹកដីនៃខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលើកកម្ពស់សុខមាភាពប្រជាជនកម្ពជា  ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់ និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាម សហគមន៍  នៅតាមមូលដ្ឋានផងដែរ។ 

លោក Elder Dale G.Renlund បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាឱកាសសម្តេចអនុញ្ញាឱ្យចូលជួបពិភាក្សាការងារ ជាមួយ ក្នុងដំណើរបំពេញទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតីដោយសង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់ការកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ ចំពោះលទ្ធផល ដែលសម្រេចបាន របស់  Church  of Jesus Christ  ក្នុងការគាំទ្រលើគម្រោងជាច្រើន  ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ 

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធានាឱ្យមានសេរីភាពខាងជំនឿ សាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព  និងស្ថិរភាពពេញលេញនៅកម្ពុជា»៕