2024-01-24 11:44
412

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចំរើនទៅបាន គឺ កក្តាសុខសន្តិភាព ស្ថេរភាពសង្គម បើគ្មានសន្តិភាព យើងមិនអាចអភិវឌ្ឍប្រទេសជាតិ និងធានាការឯកភាព ទាំងជាតិ ទាំងកងទ័ពបានទេ ។ អញ្ចឹងមូលដ្ឋានធំដែលអាចឱ្យប្រទេសរបស់យើងឈានពីប្រទេសក្រីក្រទៅជាប្រទេសមានចំណូលមធ្យមធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើឡើងជាលំដាប់ ដោយអត្រាភាពក្រីក្រឆ្នាំ១៩៩៧ ជាង ៥០% ធ្លាក់មកចុះក្រោម ១០% មុនកូវីដ-១៩ និងបច្ចុប្បន្នជាង ១៧% ដោយសារសុខសន្តិភាពនេះឯង ។

នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយប្រាំ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ -២៤ មករា ២០២៤) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។

សម្តេចធិបតីបានថ្លែងថា «ការណ៍នេះ បានធ្វើឱ្យកងទ័ពរបស់យើងប្រែក្លាយពីកងព័ទដែលប្រយុទ្ធ និងហែកហួរផ្ទៃក្នុងទៅជាកងទ័ពដែលពង្រឹងសមត្ថភាពដើម្បីការពារជាតិ អញ្ចឹងសុខសន្តិភាពនេះ ក៏មានតួនាទី និងការចូលរួមដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធនៅក្នុងនោះកងទ័ពជើងគោកផងដែរ» ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការពង្រឹងនូវកម្លាំងទ័ព ពង្រឹងនូវសមត្ថភាពសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្នុងដំណាក់កាលនេះ កងទ័ពបានចូលរួមថែរក្សា និងកសាងច្រើនបម្រើការអភិវឌ្ឍន៍ក្នុងនោះការចូលរួមជួយប្រជាពលរដ្ឋគ្រប់រូបភាព ការកសាងហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តផ្សេងៗ តាមរយៈកងវិស័យកម្ម» ៕