2024-01-28 12:51
372

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍» ។
   ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀត គឺ «នៅឆ្នាំ២០៣០ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់» ។ 
    អង្គភាពអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។  
    ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។ 
   នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មប្រល័យពូជសាសន៍គឺជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ ប៉ុន្តែ បន្ថែមពីលើនេះ នៅមានក្រុមអគតិជ្រុលនិយមមួយក្តាប់តូចដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្លែងក្លាយ» រង់ចាំរារាំងផ្លូវដើម្បីបំផ្លិចបំផ្លាញគ្រប់ដំណាក់កាល។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនដែលងាកចេញពីគោលដៅរបស់ខ្លួនឡើយ ដោយមានមេដឹកនាំខ្លាំងពូកែ មានការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងទទួលបានកិច្ចសហការយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាពិតជាមានថាមពលដ៏ខ្លាំងក្លាក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន ។ ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រក្រតីភាពនៃការអភិវឌ្ឍប្រទេស គឺជាអាទិភាពចម្បងទី១ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឈានឆ្ពោះទៅសម្រេចគោលដៅនេះ ។ 
   បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរគ្រប់រូបកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីសម្រេចគោលដៅប្រកបដោយមោទនភាពនេះ ក្នុងរយៈពេលមិនយូរប៉ុន្មានខាងមុខ ៕