2024-01-29 13:57
475

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត ឆាល អេស យ៉ាង (Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ ។ 

សហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) គឺជាបណ្តាញនៃគ្រួសារ និងស្ថាប័នអន្តរជាតិ និងអន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាបង្កើតពិភពលោកសន្តិភាពមួយ ហើយសមាជិកទាំងអស់ គឺជាសង្គមគ្រួសារមួយដែលអាចរស់នៅ និងធ្វើការជាមួយគ្នាដោយសុខដុមរមនា មានវិបុលភាពរួមគ្នា និងចេះគោរពគ្នាទៅវិញទៅមក ក្រោមការប្តេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ ។

បច្ចុប្បន្ន សហព័ន្ធសន្តិភាពសកលដឹកនាំដោយលោកបណ្ឌិត Thomas G. Walsh ជនជាតិអាមេរិក ដែលមានស្នាក់ការកណ្តាលនៅទីក្រុង Washington សហរដ្ឋអាមេរិក ។ សហព័ន្ធសន្តិភាពសកល មានឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិ គឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅ កម្ពុជាផងដែរ។ 

សូមជម្រាបថា សហព័ន្ធសន្តិភាពសកលមានទូតសន្តិភាពជាង ៥ម៉ឺននាក់ ដែលជាឯកអគ្គរាជ/រដ្ឋទូត មេដឹកនាំសាសនា អ្នកដឹកនាំសង្គមស៊ីវិល ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក ៕