2024-01-31 08:08
429

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «ពាក់ព័ន្ធករណីសន្តិសុខស្បៀង ជាពិសេសការនាំចូលសាច់បង្កកពីខាងក្រៅប្រទេសចូលមកកម្ពុជា មានប្រជាកសិករមួយចំនួនបានស្មើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលឲ្យមានការទប់ស្កាត ឬកាត់បន្ថយការនាំចូល ហើយក្រសួងកសិកម្ម ក៏បានដឹកនាំការប្រជុំជាមួយវិស័យចិញ្ចឹមសត្វ ដើម្បីជជែកគ្នារកដំណោះស្រាយសម្របណាមួយ» ។

សម្តេចធិបតីបានថ្លែងទៀតថា៖ «ការដោះស្រាយលើបញ្ហានាំចូលសាច់បង្កកនេះ រាជរដ្ឋាភិបាលត្រូវធានាពីរ គឺ ធានាកសិផលទទួលបានថ្លៃល្អបានចំណូលដល់កសិករ និងធានាមួយទៀតកុំឲ្យមានអតិផរណាថ្លៃ» ។ 

សម្តេចធិបតីបន្ថែមថា៖ សម្រាប់ការដោះជូនកសិករនាពេលកន្លងទៅ គឺកាត់បន្ថយតម្លៃនៃការផលិត ដោយរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍អនុគ្រោះច្រើនក្នុងវិស័យកសិកម្ម ដូចជា ការមិនយកពន្ធដីកសិកម្មលក្ខណៈគ្រួសារ ការបញ្ចុះតម្លៃអគ្គិសនី និងលើកលែងការអនុគ្រោះពន្ធលើការនាំចេញផលិតផលកសិកម្មចំនួន និងការអនុគ្រោះពន្ធរំដោះផ្សេងៗ ដែលបានដាក់ចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្នុងឱកាសជួបជាមួយវិស័យឯកជន គឺជួយធ្វើយ៉ាងណាធានានូវស្ថេរភាពការផលិត និងចំណូលរបស់វិស័យឯកជន ត្រូវកាត់បន្ថយតម្លៃដើម ដើម្បីធានាឲ្យមាមការចំណេញហើយតម្លៃការលក់ចេញអោយមានស្ថេរភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ «កន្លងទៅយើងបានផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកផ្សេងៗ ក្នងរយៈពេល៦ខែ ចាប់ពីខែមីនានេះតទៅ ប៉ុន្តែការអន្តរាគមន៍នេះមិនមែនជាវិធានការមួយដែលមានចីរភាពសម្រាប់ធ្វើគ្រប់ពេលនោះទេ ត្រូវធ្វើយ៉ាងណាឲ្យមានចីរភាព គឺការចិញ្ចឹមសត្វឲ្យមានការប្រកួតប្រជែង និងមួយទៀត ក្នុងពេលផ្អាកការនាំចូលបណ្តោះសាច់បង្កកនេះ ត្រូវធ្វើយ៉ាងណាឲ្យអ្នកទិញបំណែកសាច់កកពីខាងក្រៅបង្វែរទៅទិញពីកសិករវិញ» ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពចូលរួមបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ ។

សម្តេចធិបតី បញ្ជាក់ថា «វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ»។ 

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាននិងកំពុងប្រឹងប្រែងអនុវត្តន៍ការងារដោយបុរេសកម្ម ប្រតិកម្ម និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មសំដៅចូលរួមសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ៕