2024-01-31 15:39
382

ព្រះសីហនុ៖ រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍ ឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើងក្នុងរយៈពេលខ្លី ។

នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនាព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ក្នុងខេត្តព្រះសីហនុ នាឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលកម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីផ្ទាល់ក្រោមការសិក្សា និងរៀបចំដោយ ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានកំណត់គោលដៅប្រើប្រាស់ធនធានដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសន្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែក្លៀវក្លាឡើង, ជាពិសេស ប្រើប្រាស់ឱ្យអស់លទ្ធភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក, ដែលក្នុងនោះ, ខេត្តព្រះសីហនុ មានជាស្រេច នូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវលឿនភ្នំពេញ-ព្រះសីហនុ និងចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតទាំងក្នុងប្រទេស និងក្នុងតំបន់ ។ 

បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្លឹកកម្រិតតំបន់ នៅក្នុងខេត្តនេះផងដែរ ទៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជា របៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។

សម្តេចបន្ថែមថា ខេត្តព្រះសីហនុ ប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពី វិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់, ជាពិសេស ការដោះស្រាយ គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តនេះ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង, ការគិតគូររបស់យើងត្រូវតែមានលក្ខណៈជាកញ្ចប់ ដើម្បីលើកស្ទួយ សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តឱ្យកាន់តែខ្លាំងឡើង ។ 

ក្នុងន័យនេះ, រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍ ឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី ៕