2024-01-31 17:25
370

ព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នាឱកាសពិធីប្រកាសដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្ត និងផ្តល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះវិធានការ ទាំងនោះ រួមមាន ៖ ការរៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍ នៅតាមភូមិ, សង្កាត់ និងផ្លូវ សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិសាសន៍អាចទិញ ទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង។

សម្តេចបន្ថែមថា ការផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬ ជួល អចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០.០០០ ដុល្លារអាម៉េរិក ដោយ ប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យ ដោយឡែក; ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អ ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្តារ និងពង្រឹងកិត្តិនាម របស់ខេត្តព្រះសីហនុ លើឆាកអន្តរជាតិ; ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង; ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម, ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញ ការវិនិយោគ; ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ, ជាពិសេស ការពង្រឹងតំបន់សេដ្ឋកិច្ច ពិសេសដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ,។

ក្នុងនោះ កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម, ការលើកទឹកចិត្ត និងវិធានការគាំទ្រផ្សេងទៀត; ការសម្របសម្រួល ក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទ្ធិរដ្ឋ ឬឯកជន) ដើម្បីប្រែក្លាយដីទាំងនេះទៅជាតំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស ឬតំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រ ផ្នែកគោលនយោបាយលើកទឹកចិត្ត, ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា; និងការអនុវត្តតំបន់ សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់ពាណិជ្ជកម្មសេរី, តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្តុំធនធាន និង ជំរុញការអភិវឌ្ឍ ឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម នៅស្ទឹងហាវ ឬកន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន, និងការសាងសងហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា ។

ជាចុងក្រោយ សម្តេចធិបតី បានណែនាំឱ្យគណបញ្ជាការឯកភាពខេត្តព្រះសីហនុ កងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់លើការពង្រឹងនិងធានាសន្តិសុខ និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់ ៕