2024-02-01 12:54
225

(ភ្នំពេញ)៖ យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស១០០គ្រឿង ក្នុងនោះរថយន្ត៣៥គ្រឿង និងម៉ូតូ៦៥គ្រឿង។

 ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

 ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន១០០គ្រឿង (រថយន្ត ចំនួន៣៥គ្រឿង, ម៉ូតូ ចំនួន៦៥គ្រឿង)៖*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៥៦គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន២១គ្រឿង អ្នកបើកបរម៉ូតូ ចំនួន២៣នាក់ អ្នកបើកបររថយន្ត ចំនួន១២នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន៣៥គ្រឿង អ្នកបើកបរម៉ូតូ ចំនួន២៣នាក់ និងអ្នកបើកបររថយន្ត ចំនួន១២នាក់។

 *ទី២៖ បទល្មើសផ្សេងៗ ចំនួន៤៤គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន៣១គ្រឿង, ឡានគ្មានប័ណ្ណបើកបរ ចំនួន៦គ្រឿង, ប័ណ្ណបើកបរខុសយាន្ដ ចំនួន១គ្រឿង, រថយន្ដដឹកសំពឹងសំពោង៣គ្រឿង និងរថយន្ដបើកបរល្មើសសញ្ញាចរាចរណ៍៣គ្រឿង។