2024-02-01 13:23
384

ក្នុងរយៈពេលជិតកន្លះឆ្នាំចុងក្រោយនេះ ក្រសួងយុត្តិធម៌ មានភាពសកម្មយ៉ាងខ្លាំង ក្នុងការអនុវត្តផែនការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបានបង្កើតក្រុមការងារ និងគណៈកម្មការជាច្រើន ដើម្បីអនុវត្តផែនការកំណែទម្រង់ស៊ីជម្រៅ។ ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ក៏បានបង្កើតច្រកទ្វារឌីជីថលសម្រាប់ឱ្យប្រជាពលរដ្ឋប្តឹងរាយការណ៍ តាមប្រព័ន្ធអនឡាញ និងមានការផ្តល់លេខទូរស័ព្ទ ក្នុងករណី មានភាពមិនប្រក្រតី ឬរឿងក្តីជាប់គាំងមិនដំណើរការ នៅក្នុងតុលាការផងដែរ ។

ផ្អែកតាមឆាណែលតេឡេក្រាមឈ្មោះ “ព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌” ឃើញមានប្រជាពលរដ្ឋជាច្រើនតាមបណ្តាខេត្ត រាជធានី បានថ្លែងអំណរគុណចៅក្រម និងព្រះរាជអាជ្ញា នៅតាមបណ្តាតុលាការ និងអយ្យការ រាជធានី-ខេត្ត នៅក្នុងប្រភេទសំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងគ្រឿងញៀនជាដើម។

ក្រៅពីសំណុំរឿងទាំង ០៣ ប្រភេទខាងលើ ក៏មានប្រភេទសំណុំរឿងផ្សេងៗទៀត ត្រូវបានដំណើការនីតិវិធីច្បាប់ ដោយទទួលបានការពេញចិត្ត និងសារទរពីប្រជាពលរដ្ឋទៀតផង។ ជាក់ស្តែងថ្មីៗនេះ មាននារីម្នាក់បានសម្ដែងការសប្បាយចិត្ត បន្ទាប់ពីមានសេរីភាពអាចដើរចេញពីតុលាការវិញ ដោយមិនត្រូវបានឃុំខ្លួន និងបានថ្លែងអំណរគុណលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់នារីវ័យក្មេងម្នាក់ដែលរងការចោទប្រកាន់ថា បានរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅជាន់ទី៣ បន្ទប់ «ឆ.១» នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០ នាទីព្រឹក និងបានសួរនាំយ៉ាងលម្អិតពីលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ តាំងពីម៉ោង៩ព្រឹក ដល់ម៉ោងជាង០១រសៀល ហើយនារីរូបនោះមិនត្រូវបានលោកចៅក្រម ហម ម៉េងសែ សម្រេចឃុំខ្លួននោះទេ។ នារីដែលស្នើសុំលាក់អត្តសញ្ញាណ ព្រោះនៅបន្តនីតិវិធីមិនទាន់ត្រូវបានបញ្ចប់ បានលើកឡើងតាមទូរស័ព្ទថា មុនពេលចូលទៅតុលាការ នាងគេងមិនលក់ ភ័យខ្លាច ហើយបានផ្តាំបងប្អូនឪពុកម្តាយថា នាងត្រូវតែចូលខ្លួនទៅបំភ្លឺដើម្បីការពារភាពស្អាតស្អំរបស់      ខ្លួន។ នាងបានបន្ថែមថា មេធាវីរបស់នាងបានឱ្យយោបល់ថា តើរើសយកការរត់គេចខ្លួនដើម្បីទទួលយកភាពអយុត្តិធម៌ ឬចូលទៅបំភ្លឺដើម្បីការពារភាពស្អាតស្អំ ហើយបើទោះជាត្រូវឃុំខ្លួន ក៏ថ្លៃថ្នូរជាងការរត់គេចខ្លួន ដោយសារការជាប់ឃុំព្រោះការពារយុត្តិធម៌ឱ្យខ្លួនឯង។ យោបល់បែបនោះហើយ ទើបនាងខ្ញុំសម្រេចចិត្តដើរចូលតុលាការ ប្រឈមនឹងការពិត ត្បិតកន្លងទៅខ្លាចតុលាការខ្លាំងណាស់។

គួរបញ្ជាក់ថា នៅក្នុងរឿងក្តីនេះ នាងបានស្នើសុំឱ្យតុលាការបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍ស្តុក ដោយស្នើសុំឱ្យមានអ្នកជំនាញឯករាជ្យធ្វើសវនកម្មក្រុមហ៊ុន និងមើលលើការលក់ចេញទិញចូល និងការនាំចូលផលិតផលយកមកលក់ ដើម្បីពិនិត្យមើលតើនាងខ្ញុំកិបកេងលុយយ៉ាងដូចម្តេច ហើយបុគ្គលិកមួយក្រុមហ៊ុន រួមទាំងនាយិកាប្រតិបត្តិមិនខុស បែរជាមកមូលបង្កាច់ចោទប្រកាន់ខុសនាងតែម្នាក់ ដែលគ្រាន់តែជាប្រធានផ្នែកគ្រប់គ្រង ឱ្យទទួលខុសត្រូវចំពោះម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏ស្នើសុំឱ្យមានសាក្សីពាក់ព័ន្ធទាំងអស់ចូលរួមបំភ្លឺនៅតុលាការ ជាពិសេសអ្នកតំណាងចែកចាយ ដែលត្រូវបានគេចោទថា នាងខ្ញុំយកលុយពីអ្នកតំណាងចែកចាយ ហើយមិនបង្វិលឱ្យក្រុមហ៊ុន។ នារីរូបនោះបានលើកឡើងបន្ថែមថា ការកំណត់លក់ផលិតផលទាបជាងតម្លៃកំណត់របស់ម្ចាស់ភាគហ៊ុនធំ គឺធ្វើឡើងតាមបញ្ជារបស់នាយិកាក្រុមហ៊ុន ហើយបុគ្គលិកគ្រប់ផ្នែកបានដឹងឮ និងចូលរួមទទួលខុសត្រូវតាមផ្នែករៀងៗខ្លួន ហេតុអ្វីបាយមួយតុធំញាំជុំគ្នា ឱ្យនាងចេញលុយតែម្នាក់ឯងទៅវិញ? ។នៅក្នុងរឿងនេះ មិនមានលុយបាត់ ឬកិបកេងកើតមានឡើងនោះទេ ព្រោះជាការលក់ផលិតផលក្នុងតម្លៃទាបជាងតម្លៃកំណត់របស់ម្ចាស់ភាគហ៊ុនធំ តាមការបញ្ជាដោយ នាយិកាប្រតិបត្តិ និងជាប្រយោជន៍ដើម្បីបញ្ចេញផលិតផលដែលនៅសល់ក្នុងស្តុកច្រើន ហើយកុំឱ្យម្ចាស់ភាគហ៊ុនធំរករឿង ឬផ្តាច់កុងត្រា។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ ពន្លឺយុត្តិធម៌សម័យធិបតី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  បានលើកឡើងថា៖មិនដែលនឹងស្មានថានឹងទទួលបានយុត្តិធម៍ក្នុងនាមជាប្រជាពលរដ្ធម្នាក់ រងការចោទប្រកាន់យ៉ាងសាហាវឃោរឃៅពី អ្នកមានលុយ មានអំណាច ល្បី ទោះបីអាចប្រឈមសុំឲ្យ ឃុំខ្លួននាងខ្ញុំ តែលោកចៅក្រម ហម ម៉េងសែ នៅសាលាដំបូង យុត្តិធម៍ រាជធានីភ្នំពេញ នាងខ្ញុំមិននឹកស្មានថានៅមានយុត្តិធម៍សំរាប់ខ្ញុំ មានឪកាសប្រឈមមុខតតាំង នៅតុលាការបន្ត។ មុនពេលនាងខ្ញុំសម្រេចចិត្តចូលតុលាការ តាមការកោះហៅ ដោយគ្មានរពឹង ថានឹងបានទទួលយុត្តិធម៌ព្រោះគ្មានលុយគ្មានអំណោយ ដូចគេ មិនជឿជាក់លើប្រពន្ធ័យុត្តិធម៌របស់តុលាកានោះទេ តែផ្ទុយទៅវិញ ស្មានមិនដល់ថា តុលាកានៅមានចៅក្រម ដែលផ្តល់ភាពយុត្តិធម៌ដោយមិនគិតលើលុយជាធំ ឲ្យខ្ញុំមានសេរីភាព នៅបន្តតទល់ក្តីដោយយុត្តិធម៌មិនឃុំខ្លួននាងខ្ញុំ។

សូមថែ្លងអំណរគុណយ៉ាងខ្លាំងដល់ប្រពន្ធ័តុលាការក្នុងសម័យធិបតី ក្នុងនាមជាប្រជាពលរដ្ធមួយរូប មានក្តីសោមនស្សយ៉ាងខ្លាំងមានកំលាំងចិត្តជឿជាក់ថានឹងទទួលបានយុត្តិធម៍យ៉ាងពិតប្រាកដអរគុណសន្តិភាព។