2024-02-01 15:55
216

មន្រ្តីការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងគ្រូអប់រំកាយ និង កីឡា ចំនួន៦៥នាក់ មកពីបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ទទួលការបណ្តុះបណ្តាល ពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស តាមរយៈសិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា នៅវិទ្យាល័យ ជា ស៊ីម ឈូក វ៉ា ។

ក្នុងឱកាសនៃ សិក្ខាសាលា លោក ម៉ូរី ហ៊ីរ៉ូតាកា អ្នកសម្របសម្រួលគម្រោងនៃអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស បាន បញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ សិក្ខាកាមទាំងអស់ ទទួល បាននូវការចែករំលែក ពីវិធីសាស្រ្តនៃការបង្រៀនអប់រំកាយបែបថ្មី មានវិធានត្រឹមត្រូវតាមស្តង់ដាអន្ដរជាតិ  ដែលអាចជំរុញឲ្យសកម្មភាពអប់រំកាយនៅក្នុងសាលារៀននៅកម្ពុជាកាន់តែល្អប្រសើរ។

លោកបន្ដថា សិក្ខាសាលា នេះ អង្គការ បេះដូងមាស បាននាំយកគ្រូឧទ្ទេសមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាមកបង្ហាត់បង្រៀនណែនាំដល់សិក្ខាកាម អំពីការអានសៀវភៅគ្រូ មុខវិទ្យាអប់កាយ និង កីឡា ការធ្វើផែនការបង្រៀនប្រចាំឆ្នាំ និងកិច្ចតែងការបង្រៀនសម្រាប់អនុវត្តកម្មវិធីអប់រំកាយបែបថ្មី។ អ្នកសម្របសម្រួលគម្រោងរូបនេះ បាន បញ្ជាក់ទៀតថា សម្រាប់កម្មវិធីអប់រំកាយបែបថ្មី មានប្រភេទកីឡាជាច្រើន ប្រភេទ បើលោកគ្រូអ្នកគ្រូចេះ និង ដឹងយល់ស៊ីជម្រៅ ហើយនាំយកចំណេះដឹងដែលទទួលបានយកទៅអនុវត្តនៅតាមសាលារៀននោះ វិស័យកីឡានៅកម្ពុជានឹងមានការ វិវឌ្ឍរីកចំរើន កាន់តែប្រសើរ។  លោក ពន្យល់ទៀតថា អប់រំកាយបែបថ្មី មានប្រភេទកីឡាជាច្រើន ដែលជាមូលដ្ឋានគ្រឹះជួយឲ្យក្មេងៗសិស្សសាលាអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីពនៅពេលដែលពួកគេរៀនចប់ថ្នាក់វិទ្យាល័យ។ លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងនាំយកចំណេះដឹងទាំងអស់ទៅអនុវត្តនៅតាមសាលារបស់ខ្លួន ដើម្បីជួយឲ្យសិស្សមានសុខភាពល្អរឹងមាំ នឹងក្លាយជាអ្នកកីឡាអាជីពជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលកម្មវិធីអប់រំកាយបែបថ្មី របស់អង្គការក្រៅបេះដួងមាសនេះ គឺបានផ្សព្វផ្សាយដល់រាជធានីខេត្តគោលដៅចំនួន៣ មានដូចជា ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ មាន១៤ខណ្ឌ ៕