2024-02-02 15:55
238

កំពង់ឆ្នាំង៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយក្រុមហ៊ុន វឌ្ឍន: ប្រ៊ូវើរី ដោយមានការផ្សាយផ្ទាល់តាមរយៈ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយ បន្តសហការឧបត្ថម្ភគាំទ្រ ក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យមានការរីកចម្រើនលូតលាស់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រូវើរី ។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈកមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ  បានធ្វើរបាយការណ៍ស្តីពីការប្រកួតក្នុងរយៈពេល ៤ថ្ងៃកន្លងកនេះ ស្រមតាមផែនការសកម្មភាពសហព័ន្ធកីឡាការប្រដាល់គុនខ្មែប្រចាំឆ្នាំ ក្រោមការឧប្ថម្ភរបស់ក្រសួងអប់ យុវជន និងកីឡា និងចូលរួមគាំទ្រដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន VATTNAC BREWERY LIMITED  បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

នាយកមជ្ឈកមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការប្រកួតជើងឯកប្រដាក់គុនខ្មែរនាពេលនេះ បានការចូលរួមចំនួន ១៥សមាគមន៍ ក្រសួង រាជធានី-ខេត្ត មានកីឡាករ កីឡាការិនី សរុបចំនួន ១៤៨នាក់ នារី ២៩នាក់ ប្រតិភូកីឡា ចំនួន ៣០នាក់ និងមន្ត្រីបច្ចេកទេសមានចំនួន ៨០នាក់ បើប្រៀបធៀបទៅឆ្នាំ២០២២ មានការកើនឡើងទាំងសមាគមន៍ និងកីឡាករ កីឡារិនី ជាពិសេសកីឡាការិនីកើតឡើងទាំងបរិមាណ និងគុណភាព។ លោកបន្តទៀតថា ចំពោះវិញ្ញានៃការប្រកួតមាន ចំនួន ១៨វិញ្ញាសារ រួមមាន៖ ផ្នែកប្រយុទ្ធនារីមាន ៥ប្រភេទទម្ងន់ និងវិញ្ញាសារប្រយុទ្ធផ្នែកបុរសមាន ១១ប្រភេទទម្ងន់ និងវិញ្ញាសារថ្វាយបង្គំគ្រូទាំងបុរស និងនារី។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវតែងតែជួយឧប្ថម្ភ និងគាំទ្រគ្រប់បែបយ៉ាងដល់វិស័យកីឡាទាំងកីឡាករ កីឡាការិនី ជារៀងរហូតមក។ លោករដ្ឋមន្ត្រីបន្ថែមថា «ក្បាច់ប្រដាល់គុនខ្មែរ» គឺជាក្បាច់គុនបុរាណរបស់ខ្មែរតាំងពីយូលង់ណាស់មកហើយ ដែលមាចារឹកទុកតាមជញ្ជាំងប្រាង្គប្រាសាទនានា នេះសបញ្ជាក់ថា ក្បាច់គុនបុរាណជាក្បាច់គុនយុទ្ធសាស្ត្រប្រយុទ្ធការពារខ្លួន និងការពារជាតិមាតុភូមិ ប៉ុន្តែសម្រាប់ការប្រកួតនាពេលនេះ ហាមមិនឱ្យប្រើប្រាស់ក្បាច់សម្លាប់បង្កឱ្យមានគ្រោះថ្នាក់នោះទេ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតទៅលើការអភិឌ្ឍន៍ធនធានមនុស្ស ដើម្បីចូលរួមជាមួយរដ្ឋាភិបាលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងយកចិត្តទុកដាក់លើកំណែទម្រង់មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ជាពិសេសកីឡាករ កីឡាការិនីពេញវ័យ និងកីឡាករថ្លាលដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរយៈពេល ៤ថ្ងៃកន្លងមកនេះ គឺជាការលើកម្ពស់នូវកេរ្តបរតកជាតិ អត្តសញ្ញាណជាតិ ហើយបានផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបញ្ចេញសមត្ថភាព និងវាស់ស្ទង់បច្ចេកទេសដែលធ្វើការហ្វឹកហាត់កន្លងមក។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយបន្តគាំទ្រលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែលួតលាស់រីកចំរើនទាំងក្នុង និងក្រៅប្រទេស «កីឡារស់ក្រោមដំបូលសន្តិភាព»។

សូមបញ្ជាក់ថា ចំពោះការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះ សមាគមន៍កីឡាប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ  គ្រងជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលទទួលបាន មេដាយមាស ចំនួន ៨គ្រឿង មេដាយប្រាក់ ចំនួន ៤គ្រឿងនិង មេដាយសំរឹទ្ធ ចំនួន ៥គ្រឿង សរុបទាំងអស់មេដាយ ចំនួន ១៧គ្រឿង ក្នុងការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ) ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤៕