2024-02-02 16:29
284

ភ្នំពេញ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋានបាលខេត្តស្ទឹងត្រែងម្នាក់ និងបក្ខពួកត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ ពីបទៈ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញត្តិមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងគ្រឿង។

ជនសង្ស័យទាំង ០២នាក់ ដែលត្រូវបានតំណាងអយ្យការចោទប្រកាន់ រួមមាន៖ ទី១- ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៊ីថា ភេទប្រុស អាយុ ៤៩ឆ្នាំ ជាជនជាតិខ្មែរ ជាមន្ត្រីនគរបាល នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ស្នាក់នៅភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និង ទី២- ឈ្មោះ ផា វុធថា ភេទប្រុស អាយុ ៤០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹកថា នៅវេលាម៉ោង ០១និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច មុខមន្ទីរពេទ្យ ជោរៃ តាមបណ្តាយផ្លូវជាតិលេខ១ ក្នុងបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង សមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមជាមួយម្សៅក្រាម ពណ៌សថ្លា ចំនួន ០៥កញ្ចប់ធំ ទម្ងន់ ៤,៩៧៣.៨០ (បួនពាន់ប្រាំបួនរយចិតសិបបីក្បៀសប៉ែតសិប) ក្រាម និងម្សៅម៉ដ្ឋពណ៌ កាហ្វេ ចំនួន ១០០ កញ្ចប់តូច ទម្ងន់ ២, ៥២៨ (ពីរពាន់ប្រាំរយម្ភៃប្រាំបី) ក្រាម ដែលសង្ស័យថា ជាគ្រឿងញៀន ដែលជនសង្ស័យដឹកតាមរថយន្ត បើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ច។

តាមការបញ្ជាក់របស់អ្នកនាំពាក្យ បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើតេស្តបឋមទៅលើម្សៅក្រាមពណ៌សថ្លា និងម្សៅម៉ដ្ឋពណ៌កាហ្វេខាងលើ ហើយលទ្ធផលបានបង្ហាញថាជាគ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE)។ ចំណែកម្សៅម៉ដ្ឋ ពណ៌កាហ្វេ មានតម្រុយ ជាប្រភេទ អ៊ិចស្តាស៊ី (MDMA) ដែលស្ថិតនៅក្នុងតារាងទី២ និងតារាងទី៣ នៃតារាងឧបសម្ព័ន្ធច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ក្រោយពីទទួលបានសំណុំរឿងពីសមត្ថកិច្ច និងបន្ទាប់ពីបានស៊ើបអង្កេតល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយលើភ័ស្តុតាងនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០២នាក់ ខាងលើ ពីបទៈ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញត្តិ មាត្រា ៤០ និង មាត្រា ៤៨ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យញៀនគ្រឿង៕