2024-02-09 10:25
299

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤នាក់ រួមនិងថ្នាំញៀនជាង២គីឡូក្រាម ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាន កាលពីពេលកន្លងទៅថ្មីៗនេះ។
ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បើតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាកាលពីវេលាម៉ោង១១ថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា ដែលគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលនៅក្នុងប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់រួមមាន ទី១. ឈ្មោះ ខុម ជ័យលាភី ភេទប្រុស អាយុ ២៩ឆ្នាំ ទី ២.ឈ្មោះ អ៊ូ ច័ន្ទសុភ័គរតនា ភេទស្រី ឆ្នាំអាយុ ២៤ឆ្នាំ ទី៣.ឈ្មោះ ផាន សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ និងទី៤ ឈ្មោះ ជឹង ដាវីត ភេទប្រុស អាយុ ២៤ឆ្នាំ ។ ក្នុងនោះដែរកម្លាំងជំនាញក៏បានរិបអូសវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ២គ្រឿង, រថយន្ត០១គ្រឿង, អាវុធខ្លី ០១ដើម បង់១ និងគ្រាប់ចំនួន ២គ្រាប់ , ថ្នាំញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ១,៩៩២ ក្រាម, ថ្នាំញៀន អ៉ិចស្តាស៊ី (MDMA) ទម្ងន់ ៣៣.២៩ ក្រាម និង កេតាមីន (K) ទម្ងន់ ០.៤១ ក្រាម។ សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ជាង២គីឡូក្រាម។

រហូតមកដល់ពេលនេះជនសង្ស័យរួម និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា រយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំៗជាច្រើន ត្រូវបានបង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងបានឃាត់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការជាបន្តបន្ទាប់ផងដែរ៕