2025-06-28 11:37
7

កំពង់ស្ពឺ៖ អគាររោងចក្រផលិតអំពូលសូឡាមួយកន្លែង ស្ថិតក្នុងសួនឧស្សាហកម្ម «ជា ហូរ» ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សរុបទឹកប្រាក់ដែលខាតបង់ប្រមាណជាង ១០ លានដុល្លារសហរដ្ឋអាមេរិក ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

បន្ទាប់ទទួលព័ត៌មាន ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចុះពិនិត្យដឹកនាំកងកម្លាំងនគរបាលអន្ដរាគមន៍ជួយសង្គ្រោះករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតអំពូលកាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៥៨នាទី តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ (៣៤-៣៥) ស្ថិតនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បញ្ជាក់ថា៖ «ករណីអគ្គិភ័យឆាបឆេះអាគាររោងចក្រផលិតអំពូលយីហោ «វីអ៊ីស៊ិន» ស្ថិតក្នុងសួនឧស្សាហកម្ម ជា ហូរ មួយអគារដែលមានទំហំប្រមាណ ៦,០០០ ម៉ែត្រការ៉េ និងបណ្ដាលឱ្យខូចខាតសម្ភារៈរួមមាន ឧបករណ៍សម្រាប់តម្លើងអំពូលត្រូវបានឆេះអស់ទាំងស្រុង, អំពូលតម្លើងរួចគិតជាប្រាក់សរុបប្រមាណ ចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក»។

លោកអធិការបានបញ្ជាក់ថា៖ «មូលហេតុបង្កឱ្យមានគ្រោះអគ្គីភ័យនេះ គឺបណ្ដ្ដាលមកករណីឆ្លងអគ្គីសនី ប៉ុន្តែសំណាងល្អគ្មានរងគ្រោះដល់មនុស្សឡើយ»។ 

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ប្រតិបត្តិការនៃការបាញ់ទឹកពន្លត់មិនទាន់បញ្ចប់នៅឡើយទេ សមត្ថកិច្ចជំនាញផ្នែកអគ្គិភ័យកំពុងបន្តការងារជំនាញ និងស្រាវជ្រាវបន្ថែមអំពីមូលហេតុនៃការឆេះផងដែរ៕