2024-02-12 12:44
368

ទីក្រុងហ្កាហ្សា៖ កងទ័ពអ៊ីស្រាអែល បានអះអាង អំពីការរកឃើញបណ្ដាញរូងក្រោមដី ប្រវែងរាប់រយម៉ែត្រ ហើយរៀបចំឡើង ដោយមួយផ្នែក ក្រោមជំនួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) មានទីស្នាក់ការកណ្ដាល នៅតំបន់ហ្កាហ្សា ហើយនេះជាភស្ដុតាងថ្មីរបស់ក្រុមហាម៉ាស់ កេងយកប្រយោជន៍ ពីទីភ្នាក់ងារជំនួយ សង្គ្រោះ សម្រាប់ជនជាតិប៉ាឡេស្ទីន។ នេះបើតាមសារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

វិស្វករកងទ័ព បានឲ្យក្រុមអ្នកយកព័ត៌មានបរទេសដឹង តាមរយៈផ្លូវឆ្លងកាត់ ខណៈមានវិបត្តិសម្រាប់ UNRWA ដោយសារតែការចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុង ហើយបាននាំឲ្យបណ្តាប្រទេសជាម្ចាស់ជំនួយជាច្រើន សម្រេចបង្កកនូវការផ្តល់មូលនិធិរបស់ពួកគេ ក្រោមការចោទប្រកាន់ កាលពីខែមុន ដោយសារតែអ៊ីស្រាអែល បានអះអាង ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ បានបង្កើនសកម្មភាពទ្វេដង នៅក្នុងនាមជាប្រតិបត្តិកររបស់ហាម៉ាស់។

ដោយឡែក អាជ្ញាធរ ឬប៉ាឡេស្ទីន វិញ បានចោទប្រកាន់ដល់ប្រទេសអ៊ីស្រាអែល អំពីការក្លែងបន្លំព័ត៌មាន ដើម្បីបង្ខូចដល់ទីភ្នាក់ងារ UNRWA ដែលមានបុគ្គលិក ចំនួន ១៣ ០០០នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប និង ជាខ្សែជីវិត សម្រាប់ប្រជាជន ដែលពឹងផ្អែកខ្លាំងលើជំនួយយ៉ាងខ្លាំង  អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ទីភ្នាក់ងារនេះ បានបើកដំណើរការសាលារៀន គ្លីនិកថែទាំសុខភាពបឋម និង សេវាសង្គមផ្សេងៗទៀត ហើយបានចែកចាយជំនួយ តាមអ្វីដែលបានពណ៌នា អំពីសកម្មភាពរបស់ខ្លួន ជាមនុស្សធម៌សុទ្ធសាធ។

ទីស្នាក់ការកណ្តាលរបស់ UNRWA នៅទីក្រុងហ្កាហ្សា ស្ថិតក្នុងចំណោមតំបន់ ភាគខាងជើង ដែលកងទ័ពអ៊ីស្រាអែល និង កងរថក្រោះ កំពុងតែវាយលុក នៅក្នុងសង្គ្រាម អស់រយៈពេលជាងង៤ខែកន្លងមកនេះ ដើម្បីប្រឆាំងនឹងក្រុមហាម៉ាស់។ សកម្មភាពសឹករបស់អ៊ីស្រាអែល បានបង្ខំដល់ជនស៊ីវិល រាប់សែននាក់ រត់ភៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូង។

សង្គ្រាមបានផ្ទុះឡើង នៅតំបន់ហ្កាហ្សា ក្រោយពេលក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ២៣៩នាក់ និង បានចាប់ជាចំណាប់ខ្មាំង ចំនួន ២៤០នាក់។ សង្គ្រាមនេះ បានសម្លាប់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិច ជាង ២៨ ០០០នាក់ និង ជាង ៦៧ ៧០០នាក់ផ្សេងទៀតរងរបួស៕