2024-02-13 14:05
397

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «កិច្ចការងាររបស់អធិការកិច្ចត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវ និងប្រទាក់ក្រឡា»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ឲ្យតែឮថាពាក្យធ្វើអធិការកិច្ចដឹងតែមកចាប់ គឺនាំគ្នារត់គេចធ្វើម៉េចឲ្យរួចខ្លួនសិន»។ សម្តេចធិបតីបានបញ្ជាក់ថា «អភិក្រមទាំងប្រាំ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់ ហើយកិច្ចការងារអធិការកិច្ចនេះជួយអភិក្រមបួនខាងដើម»។

សម្ដេចធិបតីបញ្ជាក់ថា «ការងារពិនិត្យផ្តល់យោបលអាចជួយឲ្យយើងឆ្លុះកញ្ចក់ខ្លួនឯងបានដោយមើលឃើញតែពីមុខ និងជំហាង ប៉ុន្តែខាងក្រោយកប់មើលមិនឃើញទេ អញ្ចឹងត្រូវការស្ថាប័នជាមិត្ត និងដៃគូរកាន់កញ្ចក់ហើយប្រាប់តម្រង់ទិស»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា  «សូមឲ្យអង្គភាព ស្ថាប័នទាំងអស់កុំចាតទុកការងារចុះធ្វើអធិការកិច្ច គឺជាការចុះចាប់ ការងារសាវកម្មក៏ដូចគ្នាដែរ»៕