2024-02-13 14:28
330

ទីក្រុងហ្កាហ្សា៖ សង្គ្រាមរបស់អ៊ីស្រាអែល បានដេញតាមកម្ទេចក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា បន្ដអូសបន្លាយ អស់រយៈពេលជាង៤ខែកន្លងមកនេះ បានឆក់យកអាយុជីវិតរបស់ជនស៊ីវិលយ៉ាងច្រើន ប៉ុន្ដែឥឡូវ ប្រមុខការទូតរបស់ចក្រភពអង់គ្លេស បានព្រមាន អំពីការវាយលុក ចូលទៅក្នុងទីក្រុងរ៉ាហ្វះ ខណៈអ៊ីស្រាអែល បានប្រកាសឲ្យកម្លាំងទ័ពរបស់ខ្លួន ត្រៀមធ្វើប្រតិបត្ដិការសឹកបន្ថែមទៀត នៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ដេវីដ កាមេរ៉ុ (David Cameron) រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) ថា អ៊ីស្រាអែល គួរតែបញ្ឈប់ និង គិតគូរអំពីបញ្ហាធ្ងន់ធ្ងរ នៅមុនពេលធ្វើប្រតិបត្ដិការសឹកណាមួយ នៅក្នុងទីក្រុងរ៉ាហ្វះ (Rafah) ក្រោយការវាយប្រហារ នៅភាគខាងត្បូង ទីក្រុងហ្កាហ្សា ជាទីជម្រកភៀសខ្លួនចុងក្រោយរបស់ជនស៊ីវិលរបស់ប៉ាឡេស្ទីន ប្រហែលចំនួន១លាននាក់។ដោយឡែក មន្រ្ដីសុខាភិបាលក្នុងតំបន់ បានអះអាង ថា ជនជាតិប៉ាឡេស្ទីន ចំនួន៦៧នាក់ បានបាត់បង់ជីវិត និង រាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារតាមអាកាស ក្រោមការបិទបាំង ដែលអ៊ីស្រាអែល បានដោះលែងចំណាប់ខ្មាំងចំនួន២នាក់។

នៅពេលមានការសាកសួរ អំពីស្ថានការណ៍ នៅទីក្រុងរ៉ាហ្វះ ថាតើអ៊ីស្រាអែល បានធ្វើសឹកហួសពីច្បាប់អន្តរជាតិ ដែរឬទេនោះ លោកប្រមុខការទូតចក្រភពអង់គ្លេស បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា«យើងគិត ថា វាមិនអាចទៅរួចនោះទេ នៅក្នុងការមើល អំពីរបៀប ដែលអ្នកអាចប្រយុទ្ធនឹងសង្រ្គាម នៅក្នុងចំណោមប្រជាជនទាំងនេះ។ គ្មានកន្លែង សម្រាប់ពួកគេទៅនោះឡើយ»។

លោកប្រមុខការទូត ដេវីដ កាមេរ៉ុន បានសង្កត់ធ្ងន់ ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍បែបនេះ ហើយយើងចង់ឲ្យអ៊ីស្រាអែល បញ្ឈប់ និង គិតគូរឲ្យបានហ្មត់ចត់ នៅមុននឹងចាត់វិធានការបន្ថែមទៀត នៅក្នុងទីក្រុងរ៉ាហ្វះ។ ប៉ុន្តែអ្វីដែលយើងចង់បាន គឺការផ្អាកប្រយុទ្ធជាបន្ទាន់ ហើយយើងចង់ឲ្យផ្អាកសង្គ្រាមនេះ ដើម្បីជំរុញឲ្យឈានដល់បទឈប់បាញ់ទាំងស្រុង» ៕