2024-02-14 16:32
320

(រដ្ឋធានីណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងចាប់ផ្តើម ការអនុវត្តកាតព្វកិច្ចយោធាលើយុវជន ចាប់ពីខែមេសា ឆ្នាំនេះតទៅ ហើយក៏នឹងតម្រូវឱ្យ អតីតពលទាហានដែលចូលនិវត្តន៍ ត្រឡប់មកបម្រើទ័ពវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន របបសឹកមីយ៉ាន់ម៉ា បានប្រកាសច្បាប់ស្តីពីការអនុវត្តកាតព្វកិច្ចយោធា ដែលនឹងត្រូវអនុវត្តលើបុរសអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ និងស្រ្តីចាប់ពី១៨ឆ្នាំ ដល់២៧ឆ្នាំ សម្រាប់រយៈពេលរហូតដល់២ឆ្នាំ។ យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ របស់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ដែលផ្អែកលើសម្តីអ្នកនាំពាក្យ    រដ្ឋាភិបាលយោធា ការអនុវត្តកាតព្វកិច្ចយោធា នឹងត្រូវចាប់ផ្តើមនៅខែមេសា ខាងមុខ ពោលគឺបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី Thingyan។

ប្រភពដដែលបានបន្តថា អតីតយោធិនដែលបានចូលនិវត្តន៍ ក្នុងពេល៥ឆ្នាំចុងក្រោយ ក៏នឹងត្រូវហៅឱ្យត្រឡប់មកចូលបម្រើកងទ័ពវិញ ផងដែរ។ មីយ៉ាន់ម៉ា បានចែងច្បាប់កំណត់ឱ្យមានកាតព្វកិច្ចយោធា តាំងតែពីឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែវាមិនត្រូវបានអនុវត្តឡើយ រហូតមកទល់ពេលនេះ។ យោងតាមច្បាប់នោះ ជនដែលគេចវេះចូលបំពេញកាតព្វកិច្ចយោធា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

គួរបញ្ជាក់ថាមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងអំពើហិង្សា និងភាពចលាចល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាច កាលពីឆ្នាំ២០២១។ ប៉ុន្តែចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក យោធាមីយ៉ាន់ម៉ាបានបាត់បង់កងទ័ពក្នុងចំនួនដ៏ច្រើន នៅក្នុងការប្រយុទ្ធ ជាមួយសម្ព័ន្ធភាពប្រដាប់ជនជាតិភាគតិច ចំនួន៣ ដែលបាននិងកំពុងរួមដៃគ្នា ប្រឆាំងរបបដឹកនាំរបស់ខ្លួន។ នេះគឺជាបញ្ហាប្រឈមដ៏ធំមិនធ្លាប់មាន ដែលរបបសឹកមីយ៉ាន់កំពុងជួបប្រទះ ចាប់តាំងពីឡើងកាន់អំណាចដំបូងបំផុត ក្នុងឆ្នាំ១៩៦២មក៕