2024-02-15 12:53
353

(ស៊ីដនី)៖  មេដឹកនាំអូស្ត្រាលី កាណាដា និងនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បានព្រមានអ៊ីស្រាអែលពីគ្រោះមហន្តរាយដែលអាចនឹងកើតឡើង ប្រសិនបើប្រតិបត្តិការយោធាជើងគោកនៅក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងហ្កាហ្សា ពិតជាកើតឡើងមែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFPចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

ដោយជំរុញឱ្យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បោះបង់ចោលផែនការវាយលុកទ្រង់ទ្រាយធំចូលទីក្រុង Rafah មេដឹកនាំប្រទេសទាំង៣ ដែល សុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ ជាមួយការបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស។

ក្នុងសេចក្ដីថ្លែងការណ៍នេះដដែល សម្ព័ន្ធមិត្តទាំង៣របស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «មានប្រជាជនប្រហែល ១.៥លាននាក់ កំពុងរស់នៅ និងជ្រកកោន នៅក្នុងតំបន់នេះ (ទីក្រុង Rafah) ក្នុងនោះរួមមានទាំងពលរដ្ឋរបស់យើងជាច្រើន រួមទាំងគ្រួសាររបស់ពួកគេផងដែរ។ ការពង្រីកប្រតិបត្តិការយោធា អាចនឹងបង្កជា គ្រោះមហន្តរាយ។ ដូច្នេះយើងជំរុញឱ្យរដ្ឋាភិបាលអ៉ីស្រាអែលកុំដើរតាមជំហានមួយនេះ ព្រោះជនស៊ីវិលគ្មានកន្លែង ត្រូវទៅទៀតនោះទេ»។

គួរបញ្ជាក់ថា ទោះជាកំពុងប្រឈមមុខនឹងសម្ពាធពីអន្តរជាតិ ខណៈចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាកើនលើស ២៨,០០០នាក់ក៏ដោយ ក៏លោក Netanyahu នៅតែប្ដេជ្ញាថានឹងបើកការវាយលុកលើទីក្រុង Rafah ក្នុងពេលឆាប់ៗ៕