2024-02-15 14:15
351

រដ្ឋធានីមូស្គូ៖ រុស្ស៊ី បានបង្កើននូវការប៉ុនប៉ងចុងក្រោយបំផុតរបស់ខ្លួន សម្រាប់ការបង្កើតច្បាប់ថ្មី នៅមុនការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភលោកមួយនេះ នៅក្នុងខែមីនា ឆ្នាំ២០២៤ ហើយច្បាប់ថ្មីនេះ អនុញ្ញាតដល់អាជ្ញាធរ រឹបអូសទ្រព្យសម្បត្ដិរបស់អ្នកនិយាយ នាំឲ្យប៉ះពាល់ដល់យោធា។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យអាជ្ញាធររឹបអូសទ្រព្យសម្បត្តិរបស់អ្នកដែលត្រូវកាត់ទោស អំពីបទផ្សព្វផ្សាយ«ព័ត៌មានមិនពិតដោយចេតនា» ប៉ះពាល់ដល់យោធារុស្ស៊ី។ ច្បាប់ថថ្មីនេះ បានកំណត់គោលដៅលើបុគ្គលណាមួយ ដែលត្រូវកាត់ទោស ពីបទល្មើសជាច្រើនដោយរាប់បញ្ចូលទាំង«ការបង្ខូចកិត្តិយសរបស់រដ្ឋាភិបាល» និង ការផ្សព្វផ្សាយ«ព័ត៌មានមិនពិតដោយចេតនា» អំពីកងទ័ព ដោយគំរាមកំហែងពួកគេ ជាមួយនឹងការបាត់បង់ប្រាក់ របស់របរមានតម្លៃ និង ទ្រព្យសម្បត្តិ។ ច្បាប់ថ្មីនេះ ត្រូវបានអនុម័តយ៉ាងឆាប់រហ័ស ដោយសភាជាន់ទាប និង សភាជាន់ខ្ពស់។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ ថា ច្បាប់ថ្មីនេះ អាចកំណត់គោលដៅលើអ្នករិះគន់និរទេស ដោយទ្រព្យសម្បត្តិ នៅផ្ទះ មិនមានអ្វីពាក់ព័ន្ធនឹងការរឹបអូសតាមបែបសូវៀត នោះឡើយ ហើយគាត់បានអះអាង ថា ការភ័យខ្លាច ថា ច្បាប់នេះ អាចប្រើខុស នៅក្នុងការអនុវត្ត ដោយគ្មានមូលដ្ឋាន។

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីណ (Vyacheslav Volodin) សមាជិកសភាឌូម៉ាដែលជាសភាជាន់ទាបរបស់រុស្ស៊ី ធ្លាប់អះអាង កាលពីពេលមុន ថា សភាផ្តោតគោលដៅលើ«ជនឆបោក និងជនក្បត់ ដែលសព្វថ្ងៃស្តោះទឹកមាត់ ដាក់លើខ្នងទាហានរបស់យើង ដោយបានក្បត់មាតុភូមិរបស់ពួកគេ»៕