2024-02-16 09:02
429

ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជាបានធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់ក្លឹបលំដាប់ទី២ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២៣-២០២៤ ក្រោយពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះជើងខ្លាំងអូស្រ្តាលី ស៊ែនត្រលខូស ម៉ារីន (Central Coast Marin) ដោយលទ្ធផល ០-៤ នៅកីឡដ្ឋាន Industree Group កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ដូច្នេះ ក្រុមស៊ែនត្រលខូស ម៉ារីន ( Central Coast Marin) ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ តំបន់អាស៊ាន នៃពានរង្វាន់ AFC Cup  ឆ្នាំ២០២៣-២០២៤។ ដោយ១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺក្រុមម៉ាកាធើ ( Macarthur) FC របស់ប្រទេសអូស្ដ្រាលីបានយកឈ្នះក្រុម Sabah របស់ប្រទេសម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន ខាំប៊ែលថោនស្ប៉ត ( Campbelltown Sports) កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដូច្នេះ២ក្រុមឈ្នះៗនេះ គឺក្រុម ស៊ែនត្រលខូស ម៉ារីន(Central Coast Marin) និងក្រុម ម៉ាកាធើ (Macarthur) FC ត្រូវប៉ះគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយបញ្ចប់ការប្រកួតផ្តាច់ព្រ័ត្រ គឺមានតែក្រុមជើងឯក១ប៉ុណ្ណោះ ដែលនឹងត្រូវឡើងទៅប្រកួតជម្រុះបន្តនៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ក្លឹបលំដាប់ទី២ប្រចាំទ្វីបអាស៊ីនេះ។

ជាការកត់សម្គាល់ ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក អូឡែគស្ដារីនស្គីយី  (Oleg Starynskyi )បើទោះបីជាបានធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាននេះក្តី ក៏       ក្លឹបតំណាងកម្ពុជាមួយនេះបានបង្ហាញកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ ដែលជា ភាពខ្លាំងមិនធ្លាប់មានពីមុនមក សម្រាប់ពានរង្វាន់ AFC Cup រដូវកាល ២០២៤នេះ។

គួររម្លឹកថា ក្លឹបភ្នំពេញក្រោនបានបើកទំព័រប្រវត្តិសាស្រ្តថ្មីជាក្រុមបាល់ទាត់កម្ពុជាដំបូងគេ ដែលអាចឡើងទៅវគ្គ Zonal Semi Final ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ  (Knock out Stage)  រដូវកាលនេះ។ ភ្នំពេញក្រោនបានជាប់ឈ្មោះជាក្រុមលេខ២ល្អ ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន១២ពិន្ទុ មានគ្រាប់ចំណេញ ៨គ្រាប់ នៅក្នុងការប្រកួតជម្រុះក្នុងពូល F កន្លងមក ក្នុងរដូវកាល ២០២៤នេះ៕