2024-02-17 11:08
334

(កៀវ)៖ កងកម្លាំងអ៊ុយក្រែនបានដកចេញពីទីក្រុង Avdiivka ស្ថិតនៅភាគខាងកើតនៃប្រទេសហើយ ជាទីដែលស្ថានភាពធ្លាក់ចុះដុនដាបខ្លាំង គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើតាមលោកឧត្តមសេនីយ៍ Oleksandr Tarnavsky ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ការសម្រេចចិត្តដកកងទ័ពចេញពីទីក្រុង Avdiivka របស់អ៊ុយក្រែន នឹងក្លាយជានិមិត្តរូបមួយនៃជ័យជម្នះសម្រាប់រុស្ស៉ី នៅមុនខួបនៃការផ្ទុះសង្រ្គាម អ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ ក៏ដូចជានឹងក្លាយជាការដណ្ដើមបានទឹកដីដ៏សំខាន់មួយ ចាប់តាំងពីកងកម្លាំងរុស្ស៉ីដណ្ដើមបានទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំ២០២៣។

ក្នុងសារមួយបង្ហោះលើ Telegram នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះ លោកឧត្តមសេនីយ៍ Oleksandr Tarnavsky ដែលមេបញ្ជាការដឹកនាំសង្រ្គាម ក្នុងទីក្រុង Avdiivka បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើស្ថានភាពជាក់ស្ដែងនៅជុំវិញទីក្រុង Avdiivka និងដើម្បីបញ្ចៀសកុំឱ្យជាប់ក្រោមការឡោមព័ទ្ធ និងការពារអាយុជីវិតរបស់កងទ័ព ខ្ញុំបានសម្រេចចិត្តថានឹងដកកងកម្លាំងរបស់យើងចេញពីទីក្រុងនេះ ហើយប្ដូរទៅកាន់ទីតាំងការពារអំណោយផល»។

គួរបញ្ជាក់ថា ការសម្រេចចិត្តដកកងទ័ពចេញពីទីក្រុង Avdiivka របស់លោក Oleksandr Tarnavsky ក៏ទទួលបានការគាំទ្រពីប្រមុខកងទ័ពថ្មីរបស់ អ៊ុយក្រែន លោក Oleksandr Syrsky ផងដែរ ហើយដែលនេះជាការសម្រេចចិត្តដ៏សំខាន់លើកដំបូងបំផុត ចាប់តាំងពីរូបលោកត្រូវបានតែងតាំងជា ប្រមុខកងទ័ពអ៊ុយក្រែនកាលពីថ្ងៃទី៨ ខែកុម្ភៈមក។ តាមលោក Syrsky ការដកទ័ពនេះគឺមានគោលដៅការពារអាយុជីវិតកងទ័ព និងបញ្ចៀសកុំឱ្យ ពួកគេជាប់ក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៉ី៕