2024-02-20 12:26
227

ខេត្តក្រចេះ៖  សាកលវិទ្យាល័យក្រចេះ នៅថ្ងៃទី ១៩-២០ ខែ កុម្ភៈ ឆ្នាំ ២០២៤  បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកែច្នៃផលិតផលចំណីអាហារក្នុងស្រុក” មានដូចជា ៖ ទឹកម្ទេស, ទឹកប៉េងប៉ោះ, ទឹកសណ្តែក, នំCookies, តៅហ៊ូ, នំផ្អែមពីដំឡូង ឬ ល្ពៅ ជាដើម ដែលមានវាគ្មិនជាសាស្រ្តាចារ្យអញ្ជើញមកពីសាកលវិទ្យាល័យ Bengkulu ប្រទេសឥណ្ឌូនេស៊ី លោក Hendri Bustaman  និងការចូលរួមពីសិស្សនិស្សិត-សហគមន៍ និងមន្ទីរពាក់ព័ន្ធក្នុងខេត្តផងដែរ ។

   តាមការបញ្ជាក់ពីលោក គី វិសាល សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ ៖ សាកលវិទ្យាល័យក្រចេះតែងតែស្វែងរកដៃគូរ ដើម្បីពង្រឹងនិងពង្រីកលើកម្មវិធីសិក្សារបស់ខ្លួន ហើយកន្លងមកដៃគូរទាំងនោះ បានមកចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលពួកគេមាន និងកំពុងដំណើរការ ។ ដោយឡែកសាកលវិទ្យាល័យដៃគូរ Bengkulu ដែលមានសាស្រ្តាចារ្យ Hendri Bustaman តែងតែចំណាយពេលវេលាមកផ្តល់នូវជំនាញ ចំណេះដឹង ដែលសាកលវិទ្យល័យឥណ្ឌូនេស៊ី បាននឹងកំពុងដំណើរការ ហើយនេះជាលើកទី២ហើយដែលលោកសាស្រ្តាចារ្យ ចុះមកបំពេញបេសកកម្មចែករំលែកបទពិសោធន៍នៅសាកលវិទ្យាល័យខេត្តក្រចេះ ។

     លោកបន្តថា ៖ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ -ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ មន្ត្រី និស្សិតនៅក្នុងសាកលវិទ្យាល័យក្រចេះ ក៏ដូចជាប្រជាពលរដ្ឋ កសិករ និងអាជាធរពាក់ព័ន្ធ ទៅលើបច្ចេកទេសក្នុងការកែច្នៃ ការផលិត និងការវេចខ្ចប់នូវកសិផលក្នុងស្រុក ដើម្បីកែច្នៃឱ្យចេញទៅជាផលិតផលសម្រេច ។ ទន្ទឹមជាមួយគ្នានោះផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងផ្សព្វផ្សាយបញ្ញាបនូវទស្សនវិស័យក្នុងការប្រែក្លាយអាជីវកម្មដែលមានលក្ខណៈគ្រួសារទៅជា អាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងសហគមន៍ ត្រង់ចំណុចនេះសាកលវិទ្យាល័យក្រចេះ  កំពុងអភិវឌ្ឍន៍នូវកម្មវិធីសិក្សាឲ្យស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ១ គឺអភិវឌ្ឍធនធានមនុស្សនូវមុំទី២ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់ប្រព័ន្ធស្បៀងតាមរយៈការបង្កើនការផលិត ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូន យកស្បៀងទៅប្រើប្រាស់ ។

  លោកសាស្រ្តាចារ្យ Hendri Bustaman បានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ និងផ្តល់នូវការបង្កើតនូវមូលដ្ឋានគ្រឹះនៃអាជីវកម្មលក្ខណៈគ្រួសារ ទៅជាអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្អែកលើសក្តានុពលក្នុងសហគមន៍នីមួយៗ-ទទួលបានចំណេះដឹងពាក់ព័ន្ធនឹងគំរូដើមមួយចំនួននៃភ្នាក់ងារត្រួតពិនិត្យជីវសាស្ត្រ -ទទួលបានចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងផលិតផលកសិកម្ម និងបច្ចេកទេសក្នុងការកែច្នៃ ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេចពីផលិតផលកសិកម្មមួយចំនួន ៕
ណូរិទ្ធ (ក្រចេះ)