ពោធិ៍សាត់៖ លោក ខូយ រីដា សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកវាលវែង ចំនួន ២៥រូប ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុននេះ។
ពិធីជួបសំណេះសំណាលនេះ មានការចូលរួមពីអស់លោក លោកស្រី ជាសមាជិកព្រឹទ្ធសភា អនុប្រធានគណបក្សខេត្ត គណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាស្រុកមួយចំនួនទៀតផងដែរ ដែលធ្វើឡើងនៅស្នាក់ការគណ:បក្សស្រុកវាលវែង ស្ថិតក្នុងភូមិឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជាកិច្ចចាប់ផ្ដើម លោក វង្ស អេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកវាលវែងបានឱ្យដឹងថា: សមាជិកសមាធិកា ក្រុមប្រឹក្សាឃុំទាំងប្រាំ ក្នុងស្រុកវាលវែងដែលជាអង្គបោះឆ្នោត សរុបទាំងអស់ ២៥ រូប ក្នុងនោះស្រី ៥ រូប សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត បានចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ហើយចំពោះថ្ងៃទី២៤ ជាថ្ងៃស្ងប់ស្ងាត់ ហើយថ្ងៃទី២៥ ខែឆ្នាំដដែល គឺជាថ្ងៃបោះឆ្នោត។
លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាទាំងអស់ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន នៅតាមមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ។
លោកបានជម្រាបទៅក្រុមប្រឹក្សាទាំងអស់ថា សមិទ្ធិផលធំៗនិងគម្រោងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់នាពេលខាងមុខនេះ ដែលរាជរដ្ឋាភិបាលផ្ដោតយកចិត្តទុកដាក់ គឺសំខាន់ខ្លាំងណាស់សម្រាប់ខេត្តពោធិ៍សាត់។ ដូច្នេះសូមបងប្អូនចូលរួមសហការជាមួយគណបក្សនយោបាយ ដទៃនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយឲ្យល្អប្រសើរ ប្រកបដោយសេរី យុត្តិធម៌ សណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកម្ពុជាឲ្យកាន់តែរឹងមាំ។
គួរបញ្ជាក់ថា: ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលបន្ទាប់ពីព្រះមហាក្សត្រ ពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាជាប្រមុខរដ្ឋស្ដីទី។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។ ពិតមែនតែការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទះ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៍ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលបានប្រសូត្រចេញពីឆន្ទះរបស់ប្រជាជន។
សម្រាប់ខេត្តពោធិ៍សាត់ គឺជាមណ្ឌលភូមិភាគទី៧ ដែលអង្គបោះឆ្នោតទូទាំងខេត្ត សរុបមានចំនួន៣១១នាក់ បូកនឹងតំណាងរាស្ត្រ ០៤នាក់ទៀត សរុប ៣១៥នាក់។ មណ្ឌលបោះឆ្នោតមានតែមួយកន្លែងប៉ុណ្ណោះ គឺមណ្ឌលធនធាន ការិយាល័យលេខ ៧០០៥ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់៕ លាន គ្រន