ភ្នំពេញ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចទាំងអស់ រួមមាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរាជធានី ខេត្តបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបទល្មើសគ្រឿងញៀន ក្នុងនោះបង្ក្រាបបានសរុបចំនួន ៨០៦៣ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ២០ ០០២នាក់ ចាប់យកវត្ថុតាងមានគ្រឿងញឿន សរុបចំនួន ២ ៩៨៨គីឡូក្រាម រឹមអូសសាធាតុគីមីផ្សំបានចំនួន ១ ៤៩៦គីឡូក្រាម រួមទាំងមធ្យោបាយសម្ភារៈ ឧបករណ៍កែច្នៃផលិតគ្រឿងញៀនជាច្រើនទៀត ក្នុងនោះ សមត្ថកិច្ចដុតបំផ្លាញ និងបន្សាបសារធាតុពាក់ព័ន្ធបាន សរុបចំនួន ៣៤៧ តោន ៣៣៨ គីឡូក្រាម ៩៤៧ ក្រាម និង១២០០គ្រាប់។
នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម សន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយកដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង “ក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យ គ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការ យុទ្ធនាការលើកទី៩” ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ឧបនាយករដ្ឋមន្ត្រី នេត្រ សារឿន បានថ្លែងទៀតថា ក្នុងឆ្នាំ២០២៣កន្លងទៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសមភាពមកពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងក្រោមជាតិ បានធ្វើសកម្មភាពតាមវិធីសាស្ត្រផ្សេងៗ និងគ្រប់មធ្យោបាយនានា ដើម្បីផ្សព្វផ្សាយខ្លឹមសារអប់អំពីបញ្ហាគ្រឿងទៅដល់ប្រជាពលរដ្ឋគ្រប់វ័យ គ្រប់ស្រទាបវណ្ណៈ សរុបបានចំនួន ១៥ ៧៩៨ ៩១៤ អង្គ នាក់។
ឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន បានបញ្ជាក់ថា ក្នុងស្មារតីកសាងធនធានមនុស្សឡើងវិញ តាមរយៈការស្តារយុវនិតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីសមាហរន្តកម្មឱ្យពួកគាត់ចូលក្នុងសង្គម អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសហការជាមួយគណៈកម្មការទទួលបន្ទុកស្តារអ្នកញៀនគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធនានាធ្វើការពង្រឹងគុណភាពព្យាបាល និងស្តារស្តារយុវនិតិសម្បទានៅក្នុងមធ្ឈមណ្ឌលជាតិ និងឯកជនបាន សរុបចំនួន ២៣ ០៤៦នាក់បានព្យាបាល ហើយ ចំនួន ១២ ៣១៤នាក់បានធ្វើសមាហរន្តកម្មចូលសង្គមវិញ៕