ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិប បានឆ្មក់ចូលបង្ក្រាបទីតាំងទិញ-លក់ម៉ូតូមួយកន្លែង ដែលពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅខណ្ឌទួលគោក រកឃើញម៉ូតូ ចំនួន ៣១គ្រឿង ស្លាកលេខម៉ូតូជាង ១០០សន្លឹក និងវត្ថយតាងជាច្រើនទៀតដែលពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម។
កិច្ចប្រតិបត្តិការបង្ក្រាបកន្លែងលក់-ទិញម៉ូតូខាងលើ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ ៤៩E ផ្លូវ ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីទទួលផលចោរកម្មដោយកម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងទិញ-លក់ម៉ូតូ ខណៈម្ចាស់ទីតាំងដឹងខ្លួនមុនបានគេចខ្លួនបាត់ស្រមោល។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ការបង្ក្រាបនេះ សម្ភារៈដកហូត រួមមាន៖ ម៉ូតូ ចំនួន ៣១គ្រឿង, ស្លាកលេខម៉ូតូ ចំនួន ១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន ៧២សន្លឹក, អត្តសញ្ញាណប័ណ្ណ ចំនួន ១១ច្បាប់, សំបុត្រកំណើត ចំនួន ០៣ច្បាប់, ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន ០១ និងកូនសោមួយចំនួនទៀត។
បចុប្បន្នទីតាំងខាងលើ បានត្រូវបានបិទជាបណ្ណោះអាសន្ន និងសម្ភារៈដកហូត គឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕