2024-02-21 19:38
426

ភ្នំពេញ៖ នៅថ្ងៃព្រហស្សតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅវិមានរដ្ឋសភាជាតិ សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានចេញដំណើរតាមជើងយន្តហោះពិសេសអញ្ជើញទៅសាកសួរទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតរាជរដ្ឋមន្ត្រីថៃ ដែលកំពុងមានជំងឺ និងកំពុងស្នាក់នៅព្យាបាលក្នុងភូមិគ្រឹះ នាទីក្រុងបាងកក ប្រទេសថៃ ដោយមានការទទួលស្វាគមន៍យ៉ាងកក់កតៅបំផុត។
  «ខ្ញុំមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់ ស៊ីន ទោះបីមានជម្ងឺក៏បានទទួលក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃ ផងដែរ។ ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ មកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥ ខែមិនា ឆ្នាំ២០២៤ខាងមុខ»។ នេះបើយោងតាមការសរសេរបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាល្ងាចនេះ។
   សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល ៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២ មក និងអរគុណបងប្រុស និងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ»៕