2024-02-22 11:18
410

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំពង្រឹង និងពង្រីក សមិទ្ធិផលផ្សេងៗជូនប្រជាពលរដ្ឋ ជាពិសេសនៅមូលដ្ឋាន គឺជាគោលដៅធំ ហើយអ្វីដែលសំខាន់មិនមែនអ្វីដែលមាននៅលើក្រដាសទេ អ្វីដែលសំខាន គឺលទ្ធផលជាក់ស្តែងមាននៅតាមភូមិ ឃុំ ស្រុក។
   សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្របកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ គឺបានផ្តោតលើលទ្ធផលជាក់ស្ដែងដែលកើតមាននៅលើដី មិនមែននៅលើក្រដាសនោះទេ ពោលគឺត្រូវផ្តល់អត្ថប្រយោជន៍ផ្សេងៗទៅដល់មូលដ្ឋានជាក់ស្តែងតែម្តង»។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ និងគ្រប់ពេល គឺផ្តោតលើគោលដៅធំពីរ គឺ៖ ទី១- ពង្រឹងសមិទ្ធផលវិជ្ជមានថែមឱ្យបានច្រើនជូនប្រជាពលរដ្ឋ និង ទី២- ខិតខំវាយតម្លៃកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ បើអនុវត្តទាំងនេះបានបូកចូលគ្នានឹងទទួលបានផលវិជ្ជមានច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក»។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ប្រសិនបើយើងខិតខំពង្រីកតែផលវិជ្ជមាន ប៉ុន្តែអត់កាត់បន្ថយផលអវិជ្ជមានវាលំពាកពេលខ្លះដូចវែកចកពេលខ្លះទាញផលវិជ្ជមាន។ បើផ្តោតតែទៅលើការដោះស្រាយរាល់បញ្ហាអវិជ្ជមាន ហើយភ្លេចពង្រីងនូវអ្វីដែលថ្មីក៏មិនអាចទៅរួចដែរ ព្រោះតម្រូវរបស់ប្រជាពលរដ្ឋត្រូវជាប្រចាំ»
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាល អាណត្តិទី៧ ក៏ដូចអាណត្តិទី៦ កន្លងទៅ បានដាក់ចេញគោលនយោបាយ គឺ បន្តនិរន្តរភាព និងសុគតភាពនៃគោលនយោបាយដែលបានអនុវត្តពីមុនៗមក»៕