2024-02-22 18:10
379

ភ្នំពេញ៖ ជាការឆ្លើយតបទៅមជ្ឈដ្ឋានមួយចំនួនដែលបានធ្វើការរិះ និងវាយប្រហារពាក់ព័ន្ធការតំឡើងរដ្ឋមន្ត្រីមុខងារសាធារណៈទៅជា «ឧបនាយករដ្ឋមន្ត្រី» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា «ទោះបីជាមិនមែនហ៊ុន ម៉ានី ជាអ្នកកាន់ក្រសួងនេះ អ្នកណាកាន់ក៏ដោយកត្រូវតំឡើងដែរ ព្រោះក្រសួងមុខងារសាធារណៈដើរតួនាទីដ៏សំខាន់ជាសេនាធិការក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលគ្រប និងជួយលើកំណែទម្រង់នេះដែលពាក់ព័ន្ធទៅគ្រប់ក្រសួង ស្ថាប័នទាំងអស់»។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បើសេនាធិការទម្ងន់ទាបទៅប្រាប់គេធ្វើការងារយ៉ាងម៉េចកើតឱ្យនាយករដ្ឋមន្ត្រីដើរធ្វើការងារខ្លួនឯងឬយ៉ាងណា? គឺជាតម្រូវការ គ្រាន់តែរដ្ឋមន្ត្រីក្រសួងនេះមានត្រកូល “ហ៊ុន” ដូចសម្តេចប៉ុណ្ណោះ ប៉ុន្តែតម្រូវអាទិភាពត្រូវបង្កើនសិទ្ធ បង្កើតតួនាទី និងទំងន់ឱ្យធ្វើដើម្បីផលប្រយោជន៍ជាតិយើងទាំងមូល»។

   សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤” ដែលប្រារព្ធនៅសាលមហោស្របកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤